ភ្នំពេញ៖ ពិតជារឿងចម្លែក និងគួរឲ្យចង់សើចមែន នៅពេលដែលក្រុមអ្នកលេងល្បែងជល់មាន់ជិត៣០នាក់ នាំគ្នារត់ព្រោងព្រាត ខ្លះចូលព្រៃ ខ្លះរត់ឡើងម៉ូតូទាំងសភ្នែក បន្ទាប់ ពីឃើញក្រុមអ្នកសារព័ត៌មាន លបឆ្មក់ទៅថតដើម្បីយកមកផ្សាយ ពីសកម្មភាពអ្នកញៀនល្បែងជល់មាន់ទាំងនោះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៦ នៅត្រង់ចំណុចក្នុងកន្ទបព្រៃ ខាងត្បូងផ្លូវបេតុង ស្ថិតក្នុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ នាយនគរបាលប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ លោក ថន ប៊ុនថា បានបញ្ជាក់ប្រាប់ តាមទូរស័ព្ទថា ទីតាំងដែលតែងតែលបលួចលេងជល់មាន់ភ្នាល់ ដាក់លុយយ៉ាងគគ្រឹកគគ្រេងស្ទើររៀងរាល់ថ្ងៃនេះ លោក ពុំបានដឹងទេ។
លោកនាយប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ បានបន្តទៀតថា តែប្រសិនជាអ្នកសារព័ត៌មានបានដឹងពីបញ្ហានេះមែន សូមជួយរាយការណ៍ប្រាប់ផង ក្នុងនាមលោកជានាយប៉ុស្ដិ៍ និងចាត់វិធានការភ្លាម។
បើទោះជាយ៉ាងនេះក្ដី ក៏មជ្ឈដ្ឋានមួយចំនួន ជាពិសេសប្រជាពលរដ្ឋរស់នៅក្បែរទីតាំងបញ្ជល់មាន់តែម្ដង បានសម្ដែងនូវការមិនសប្បាយចិត្តឡើយព្រោះហេតុថា ចាំទាល់តែអ្នកកាសែតមកប្រាប់ទើបនគរបាលមូលដ្ឋាន មានវិធានការបង្ក្រាបទៅវិញ ហាក់បីដូចជាមិនខ្វល់ពី បទល្មើសដែលកើត ចេញដោយសារល្បែងស៊ីសងភ្នាល់ប្រាក់នេះទេ៕