ឯកឧត្តម ឃួន ស្រេង ថា មេបក្ស​ដែល​តវ៉ា​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​និង​គ​.​ជ​.​ប មិន​យល់​ពី​ច្បាប់​

27-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ ៖ អភិបាលរង​រាជធានី​ភ្នំពេញ​ឯកឧត្តម ឃួ​ង ស្រេង បាន​លើក​ជា​ចម្ងល់​បែប​សើចចំអក​ឲ្យ​ប្រធាន​បក្សនយោបាយ​ថ្មី​មួយចំនួន ដែល​ចេញមុខ​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ថា​មិន​យល់​ពី​ច្បាប់ និង​ការបែងចែក​អំណាចរ​វា​ង​ស្ថាប័ន​កំពូល​ទាំងបី ឬ​យ៉ាងណា​? លោក​ថា សំណុំរឿង​របស់​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ស្ថិតនៅក្រោម​អំណាច​រប​ស់​តុលាការ ដូច្នេះ​ស្ថាប័ន​ផ្សេង​មិនអាច​លូកដៃ​ចូល​បានទេ​។​

​អភិបាលរង រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បានចាត់ទុក​ការចេញមុខ​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ .​ប ពី​សំណាក់​ប្រធាន​គណបក្ស​ក្រៅ​រដ្ឋសភា ថា​មិន​សមស្រប​ទៅនឹង​រដ្ឋធម្មនុញ្ញ ដែល​ផ្តល់​អំណាច​ដាច់ដោយឡែក​ពីគ្នា​រវាង​អង្គការនីតិបញ្ញត្តិ អង្គការនីតិប្រតិបត្តិ និង​អង្គការ​នីតិ​វិនិច្ឆ័យ​។

​ឯកឧត្តម​លើកឡើង ថា “​ក្នុង​កាលៈទេសៈ​នេះ រឿងក្តី​របស់​ជនជាប់ចោទ​ទាំង​៥​រូប កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​នៅឡើយ ដូច្នេះ​មិនមាន​បុគ្គល​ណាមួយ មាន​សិទ្ធិ​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​នេះ​បានទេ​។​

​ម្យ៉ាងទៀត ឯកឧត្តម ឃួ​ង ស្រេង យល់ថា ការតវ៉ា​ឲ្យ​ដោះលែង​ជនជាប់ចោទ​ទាំង​៥​នាក់ ដែល​តុលាការ​កំពុង​បន្ត​នីតិវិធី​ដូច្នេះ គឺ​បានន័យថា គាំទ្រ​ឲ្យ​មាន​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា​។ លោក​បកស្រាយ​ថា មានតែ​នាយករដ្ឋមន្ត្រី​ម្នាក់​គត់ ដែលមាន​សិទ្ធិ​ស្នើ​ទៅកាន់​ព្រះមហាក្សត្រ ដើម្បី​ប្រទាន​ការលើកលែងទោស​ឲ្យ​ទណ្ឌិត​។ តែ​ឯកឧត្តម​បន្ថែមថា ការដែល​នាយករដ្ឋមន្ត្រី អាច​ស្នើ​ទៅ​ព្រះមហាក្សត្រ​បាន លុះត្រាតែ​តុលាការ​សម្រេច​ចេញ​សាលក្រម​ស្ថាពរ​ជាមុនសិន​។​

​ថ្លែង ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ លោក​អភិបាលរង​រូបនេះ បាន​លើក​ជា​ចម្ងល់​របស់ខ្លួន​ដូច្នេះ​ថា “​ខ្ញុំ​ចេះតែ​ឆ្ងល់​ថា ហេតុអ្វី​បានជា​ប្រធាន​បក្ស​ទាំងនោះ ចេញមុខ​ស្នើ​ទៅ​ព្រះមហាក្សត្រ​? មានតែ​នាយករដ្ឋមន្ត្រី​ទេ ទើប​អាច​ស្នើ​បាន​។ ពួកគាត់ មិន​យល់​ពី​ច្បាប់​ឬ​យ៉ាងម៉េច​?”

​ការលើកឡើង​របស់​ម​ន្ដ្រី អ្នកនាំពាក្យ​រូបនេះ ទំនងជា​ឆ្លើយតប​នឹង​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​និង​ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិខ្មែរ លោក​បណ្ឌិត ហ៊ាង ឫទ្ធី ដែលមាន​បំណង​ទាម​ទាម​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប​។​

​គួររំលឹកថា លោក ម៉ម សូណង់ដូ បានដាក់​លិខិត​ទៅកាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ធ្វើបាតុកម្ម នៅ​ថ្ងៃទី​៩ កក្កដា ឆ្នាំ​២០១៦ ខាងមុខ ក្នុង​គោលបំណង​សុំ​ឲ្យ​ដោះលែង​អ្នក​ទាំង​៥​រូប​។ រីឯ លោក ពេជ្រ ស្រស់ បានស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដង្ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​៣០ ខែឧសភា ដើម្បី​សុំ​ព្រះរាជអន្តរាគមន៍ ជុំវិញ​ការឃុំខ្លួន​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប​។​

 ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ មិនកើត​ក្តី​សៅហ្មង​ឬ​ទោមនស្ស នឹង​ការលើកឡើង​របស់លោក ឃួ​ង ស្រេង ឡើយ ដោយ​ប្រធាន​បក្ស​វ័យក្មេង​រូបនេះ ចាក់​ទុក​ថា ជា​សិទ្ធិ​បញ្ចេញមតិ​របស់​បុគ្គល​ម្នាក់ៗ ៕


ចំនួនអ្នកទស្សនា

    20216727

  • ថ្ងៃនេះ6061
  • ម្សិលមិញ2931
  • សប្តាហ៍នេះ18251
  • ខែនេះ6061
  • ឆ្នាំនេះ989281
  • សរុប20216727