កំពង់ចាម៖ នាព្រឹកថ្ងៃទី២៧ ឧសភា ២០១៦នេះ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានប្រារព្ធពិធីប្រកាសផ្សព្វផ្សាយពីលិខិតបទដ្ឋាន និងគោលការណ៍នៃការស្នើសុំវិញ្ញាបនប័ត្របញ្ជាក់អនាម័យចំណីអាហារដើម្បីផ្តល់ជូនអតិថិជននូវចំណីអាហារប្រកបដោយសុវត្ថិភាព ដែលមានការចូលរួមពីឯកឧត្ដម រុំ តិក្ខមុនី អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត គឹមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងមន្ត្រីក្រោមឱវាទ ព្រមទាំងម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ក្រុមហ៊ុនផលិតទឹសុទ្ធ និងអ្នកប្រកបរបរចុងភៅម្លូបការផងដែរ ។
ដែលពិធីនេះធ្វើឡើងដើម្បីអនុវត្តតាមច្បាប់ស្ដីពីទេសចរណ៍ ប្រកាសសារាចរណែនាំ ស្តីពីការផ្ដល់អាជ្ញាប័ណ្ណទេសចរណ៍ និងពង្រឹងការគ្រប់គ្រងដល់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានឲ្យមានប្រសិទ្ធភាព ជាពិសេសដើម្បីចូលរួមចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ ។
សាលាក្រុងកំពង់ចាមបានធ្វើការណែនាំដល់ប្រតិបត្តករទេសចរណ៍ ជាម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានដូចតទៅ៖ ត្រូវរូសរាយរាក់ទាក់និងមានអនាម័យល្អ បរិវេណខាងក្រៅត្រូវរៀបចំចំណតយានយន្តឲ្យមានសណ្ដាប់ធ្នាប់ល្អ បន្ទប់ទទួលទានអាហារត្រូវស្អាតជានិច្ច បន្ទប់ចម្អិនអាហារត្រូវសម្អាតកន្លែងដាក់សម្ភារៈ ជញ្ជាំងពិដាននិងប្រព័ន្ធបឺតខ្យល់ចេញចូល សាច់និងបន្លែត្រូវស្រស់មិនមានក្លិនស្អុយ បន្ទប់ទឹកនិងបង្គន់អនាម័យត្រូវសម្អាតជាប្រចាំឲ្យមានក្លិនក្រអូប មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ និងកម្រាលឥដ្ឋត្រូវស្ងូតជានិច្ច ត្រូវមានសម្ភារៈលាងដៃ(សាប៊) និងប្រដាប់ជូតដៃ បន្ទប់ទឹកនិងបង្គន់អនាម័យត្រូវបិទស្លាកសញ្ញាប្រុស-ស្រីឲ្យបានត្រឹមត្រូវ ។ ការធ្វើអាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានត្រូវធានាថា មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពភ្ញៀវ សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានរបៀបរយសង្គមផងដែរ ៕