ភ្នំពេញ៖ តំណាងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូនជនងាយរងគ្រោះ ទុរគតជន កុមារកំព្រា ចាស់ជរា និងអ្នកផ្ទុកមេរោគអេដស៍ នៅក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីនេះមានវត្តមានចូលរួមពីលោកស្រី ប្រធានគណៈកម្មាការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ ក្រុមប្រឹក្សាសង្កាត់ សសយក យុវជនមេភូមិ កងកម្លាំងនគរបាល និងមន្ត្រីនៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ក្រុមការងារយុវជនមេភូមិ និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ ដឹកនាំដោយ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ។
នៅក្នុងឱកាសនោះលោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋក្រីក្រសរុបចំនួន២០ គ្រួសារ នៅសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់ការលំបាក និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសជនងាយរងគ្រោះ ទុរគតជន ជនពិការ កុមារកំព្រា ចាស់ជរា និងអ្នកផ្ទុកមេរោគអេដស៍ជាដើម។
លោកអភិបាល បានលើកឡើងថា រាល់ការលំបាករបស់បងប្អូនរាល់ករណីកើតហេតុផ្សេងៗមានតែសម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្តេចកត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលសម្តេចទាំងពីរ បានយកចិត្តទុកដាក់ខ្ពស់ពីការរស់នៅរបស់បងប្អូន ដើម្បីចូលរួមដោះស្រាយនូវរាល់ បញ្ហាដែលប្រជាពលរដ្ឋជួបប្រទះនៅតាមនៅមូលដ្ឋាន ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខពិបាកគ្មានអាជ្ញាធរដឹងឮ នោះឡើយ។
នៅក្នុងកម្មវិធីនេះដែរ លោក ជុំ ឈៀង ចៅសង្កាត់ព្រែកកំពិស បានឲ្យដឹងផងដែរ កន្លងមកនេះ សម្រាប់ប្រជាពលរដ្ឋក្រីក្រទុរគតជន ជនពិការ កុមារកំព្រា ចាស់ជរា និងអ្នកផ្ទុកមេរោគអេដស៍នៅក្នុងសង្កាត់ព្រែកកំពិស បានទទួលការឧបត្ថម្ភជាអំណោយចំនួន១២លើករួចមកហើយ ក្នុងនោះអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន៨លើកនិងអំណោយសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានចំនួន៤លើក ដោយបានផ្តល់ជូនទៅដល់ប្រជាពលរដ្ឋក្រីក្រ សរុបជិត៥០០គ្រួសារផងដែរ៕