ក្រចេះ៖តាមសេចក្ដីរាយការណ៍មកថា មន្ត្រីអាវុធហត្ថស្រុកចិត្របុរី ខេត្តក្រចេះ ម្នាក់ បានជំរិតទារប្រាក់ពីប្រជាជនជាថ្នូរមិនចាប់រថយន្តដឹកឈើជន្លង់ម្រេច។ ប៉ុន្តែមន្ត្រីរូបនេះ ក៏ត្រៀមត្រូវថ្មោងលោក សៅ សុខា ផងដែរ ប្រសិនបើគណៈកម្មការអង្កេតរកឃើញថា មានកំហុស។
ក្នុងខ្សែវីដេអូរយៈពេលប៉ុន្មាននាទី ដែលបានបង្ហោះនៅពេញហ្វេសប៊ុក នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ បានបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីអាវុធហត្ថស្រុកចិត្របុរី ដែលមានពាក់ឯកសណ្ឋានកងរាជអាវុធហត្ថបានជំរិតទារលុយពីប្រជាជនថ្នូរមិនចាប់រថយន្តដឹកជន្លង់ម្រេច។ វីដេអូឃ្លីបនោះបានបង្ហាញថា មន្ត្រីអាវុធហត្ថរូបនោះ បានទារលុយពីតៃកុងបើករថយន្តដឹកជន្លង់ម្រេចក្នុងមួយរថយន្តតម្លៃ៤ម៉ឺនរៀល ប៉ុន្តែក្រោយពេលតថ្លៃ គេយក១រថយន្តតម្លៃ២ម៉ឺនរៀលវិញ។ “ប៉ុន្មានម៉ឺន??? ណែអត់ហ្អែ! មួយ៤ម៉ឺន។ លឿនៗអញប្រញ៉ាប់តាមចាប់៣ឡានទៀត! មួយ៤ម៉ឺនៗ ស្រូតៗ” នេះជាសម្ដីរបស់មន្ត្រីអាវុធហត្ថ។
ក្នុងវីដេអូដដែលក៏បញ្ជាក់ផងដែរ ពីសម្ដីរបស់អ្នកបើករថយន្តដឹកជន្លង់ម្រេច ដែលបានត្អូញថា មន្ត្រីរូបនោះទារលុយ ដូចគេបានដាក់ហ៊ុនរកស៊ីជាមួយអញ្ចឹង។ បុរសជាតៃកុងរអ៊ូថា “យកដូចលុយខ្លួនឯងអ្នករកស៊ីជាមួយ ម៉ាឡាន២ម៉ឺនដាច់ លោកអើយលោក! អីក៏យ៉ាងណឹង! ជាន់កហ្មង ជាន់កយកហ្មង”។ដោយឡែកវីដេអូមួយទៀត ក៏បានបង្ហាញមន្ត្រីអាវុធហត្ថខាងលើដដែល ទារលុយពីប្រជាពលរដ្ឋរកស៊ីដឹកជន្លង់ម្រេចតិចតួចលក្ខណៈគ្រួសារ ក្នុងមួយរថយន្តតម្លៃ២ម៉ឺនរៀលផងដែរ។ “ប្រជាជន៖ អីគេពូ? ថីវិញ? មន្ត្រីអាវុធហត្ថ៖ ចុយយកលុយជន្លង់ហ្អា! ប្រជាជន៖ លុយជន្លង់ម៉េចវិញ? មន្ត្រីអាវុធហត្ថ៖ ចុយអានេះនិយាយមកខុសគេហ្មងហ្អា? ប្រជាជន៖ ខុសគេម៉េចពូ? ហៅក្មួយៗទៅ ចាំបាច់ហៅអា មន្ត្រីអាវុធហត្ថ៖ ឥឡូវបង់លុយសិន ប្រជាជន៖ អត់ទេ! ខ្ញុំសុំម៉ាជើង”។ នេះជាការសន្ទនារវាងប្រជាពលរដ្ឋ និងមន្ត្រីអាវុធហត្ថ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់ នៅរសៀលថ្ងៃទី២៧ ខែឧសភានេះថា លោកនឹងរាយការណ៍ប្រាប់ថ្នាក់លើ ដើម្បីសុំគោលការណ៍ចុះត្រួតពិនិត្យដោយប្រើគណៈកម្មការអង្កេត។
គួរបញ្ជាក់ថា មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំស្រុកចិត្របុរី ដែលទារលុយពីប្រជាជនខាងលើ ជិះរថយន្តម៉ាក តូយូតាហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-1885 បើកបរដោយឈ្មោះ មី ជឹមវ៉ាន់ ត្រូវបានគេនិយាយថា ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ស្ថាប័នកងរាជអាវុធហត្ថដែលពាក់ឯកសណ្ឋានកងរាជអាវុធហត្ថទារលុយឆៅៗពីប្រជាជន។ ទង្វើនេះដែរ បង្ហាញឲ្យឃើញថា ករណីនេះ ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយគេគិតថា ទំនងជាកើតឡើងច្រើនលើកច្រើនសារមកហើយ៕