រាជធានីភ្នំពេញ ៖ កំណាត់ផ្លូវលំមួយខ្សែ ស្ថិតនៅក្នុងភូមិចំរើនផល ក្នុងសង្កាត់បឹងទំពុន ព្រុំប្រទល់ជាមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានរងនូវការខូចខាតយ៉ាងដំណំស្ទើរធ្វើដំណើរលែងកើតទៅហើយ ប៉ុន្តែ មន្ត្រីមូលដ្ឋានអះអាងថា សាលារាជធានីភ្នំពេញមិនទម្លាក់គម្រោង នៃការសាងសង់ថ្មីដើម្បីជូនប្រជាពលរដ្ឋប្រើប្រាស់ឡើយ ។
គួរបញ្ជាក់ថា កំណាត់ផ្លូវដែលរងការខូចខាតខាងលើនេះ លាតសន្ធឹងពីផ្លូវ២៧១ ចុះឆ្ពោះទៅកាន់ផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុន និង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមានប្រវែងជិត ៣០០០ ម៉ែត្រ ។ មន្ត្រីដ្ឋានជាច្រើនរូបសុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា កំណាត់ផ្លូវមួយខ្សែខាងលើនេះ មន្ត្រីមូលដ្ឋានបានលើកគម្រោងស្នើរសុំទៅសាលារាជធានីភ្នំពេញ ប្រមាណជិត ៣ឆ្នាំកន្លងមកហើយ តាំងពីផ្លូវចាប់ផ្តើមខូចតិចតួច រហូតខូចទ្រង់ទ្រាយធំបែបនេះ ប៉ុន្តែសាលារាជធានីភ្នំពេញ មិនទម្លាក់គម្រោងស្ថាបនាជូន ប្រជាពលរដ្ឋប្រើប្រាស់ដូចរបាយការណ៍មន្ត្រីមូលដ្ឋានបានស្នើរទៅនោះទេ ។
ចំពោះទង្វើខាងលើនេះគេមិនដឹងមូលហេតុអ្វីច្បាស់លាស់ទើបបាន ជាសាលារាជធានីភ្នំពេញ មិនទម្លាក់គម្រោងស្ថាបនា ផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋប្រើប្រាស់ឡើយ ហើយមន្ត្រីជំនាញនានា ក៏មិនអាចសុំការទំនាក់ទំនង បំភ្លឺអំពីបញ្ហានេះបានដូចគ្នា ដោយឡែកកន្លងមកអ្នកសារព័ត៌មានជាច្រើនបានសួរនាំពីបញ្ហានេះ តែមន្ត្រីសាលារាជធានីភ្នំពេញ បានឆ្លើយដាក់គ្នាទៅមុខទៅក្រោយ ហាក់បីដូចជាមិនមានភាពទទួលខុសត្រូវឡើយ ។
គួរបញ្ជាក់ផងដែរថា កន្លងមកកាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាសដែលសម្តេច អញ្ចើញអធិបតីសម្ពោធដាក់ ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ ព្រមានដលតំណែងលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ចូនរាជធានីភ្នំពេញ បើសិនជាលោកបន្តអោយផ្លូវដែលខូចខាតត្រូវនៅរាំរៃរហូត ហើយមិនធ្វើការជួលជុល ។ ប៉ុន្តែក្រឡេកមកមើលកំណាត់ផ្លូវខាងលើនេះវិញ គឺមិនមែនត្រឹមតែជួលជុលតែប៉ុណ្ណោះទេ គឺផ្លូវខាងលើនេះ ខូចខាតស្ទើរ ១០០ទៅហើយ ។ ដូច្នេះដើម្បីឆ្លើយតបទៅហ្នឹងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល គួរណាស់មន្ទីរសាធារណៈការ និងសាលារាជធានីភ្នំពេញ ប្រញាប់ទម្លាក់គម្រោង ស្ថាបនាផ្លូវមួយខ្សែខាងលើនេះជូនប្រជាពលរដ្ឋ ព្រោះផ្លូវនេះមានសារៈសំខាន់ណាស់ គឺរំដោះការកកស្ទះផ្លូវលេខ ២៧១ និង ៣៧១ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ .។
លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថ្លែងប្រាប់ អោយដឹងថា កាលពីខែធ្នូចុងឆ្នាំ២០១៥ កន្លងទៅលោក ធ្លាប់បានធ្វើសំណើរជាលាយល័ក្ខអក្សរ រាយការណ៍ ទៅកាន់សាលារាជធានីភ្នំពេញម្តងរួចមកហើយដែរ អំពីផលប៉ះពាល់ នៃកំណាត់ផ្លូវខាងលើនេះ ។ ប្រភពច្បាស់ការណ៍ អោយដឹងថា គម្រោងនៃការស្ថាបនាផ្លូវមួយខ្សែនេះ គឺត្រូវ ចំណាយថវិការអស់ ៧០០០លានរៀល ៕
ប្រភព៖ABC