រាជធានីភ្នំពេញ ៖ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានមានប្រសាសន៍ថ្លែងប្រាប់ទៅកាន់ក្មួយៗជាសិស្សានុសិស្សជាង៥០០ នាក់ ថ្នាក់បឋមសិក្សាថា នៅក្នុងវ័យក្មេង បើមានឱកាសរៀនសូត្រត្រូវតែចាប់ឱ្យជាប់ ហើយខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីក្លាយខ្លួនជាបញ្ញវ័ន្ត ជាអ្នកដឹកនាំដ៏ឆ្នើម និងជាសសរទ្រូងរឹងមាំនៃប្រទេសជាតិទៅថ្ងៃមុខ ។
ការថ្លែងរបស់លោកអភិបាលរងធ្វើឡើងនៅក្នុងពិធីប្រារព្ធខួបលើក ទី៦៧ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ប្រព្រឹត្តិទៅនៅក្នុងបរិវេណនៃសាលាបឋមសិក្សាសន្សំកុសល ស្ថិតក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ឆ្លៀតក្នុងឱកាសខាងលើនេះដែរ លោកឌី រ័ត្នខេមរុណ បានឡើងអាននូវសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្មួយៗ ដែលមានខ្លឹមសារអប់រំណែនាំល្អៗជាច្រើន លាយលំនឹងអត្ថន័យរំលឹកខួបទិវាកុមារ០១ មិថុនាផងដែរ ។ ក្នុងឱកាសដដែលនោះលោកអភិបាលរង ក៏បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខជាមួយក្មួយ សិស្សានុសិស្សជាង៥០០នាក់ខាងលើ និងណែនាំឱ្យក្មួយៗត្រូវចៀសឆ្ងាយដាច់ខាតពីអំពើអប្បាយមុខនានា ជាពិសេសការសេពគប់មិត្តភក្តិមិនល្អមួយចំនួនដែលសង្គមជាតិរើសអើង និងស្អប់ខ្ពើម ។ បន្ថែមពីនេះ ក្មួយៗត្រូវយកចិត្តទុក្ខដាក់រៀនសូត្រឱ្យបានច្រើន ព្រោះឱកាសនៃការខិតខំប្រឹងប្រែងរៀនសូត្រក្នុងភាពក្មេងវ័យ គឺជាអំពូលភ្លើងដ៏ភ្លឺសម្រាប់បំភ្លឺផ្លូវដំណើរអនាគតរបស់យើងនា ពេលខាងមុខ ។
សូមបញ្ជាក់ថា ក្នុងសាលាបឋមសិក្សាសន្សំកុសលខាងលើនេះ មានសិស្សានុសិស្សទាំងអស់សរុប២.០២២នាក់ ស្រីចំនួន១.២២៤នាក់ ក្នុងនោះសិស្សក្រីក្រដែលជួបការលំបាកមាន២៧២នាក់ផងដែរ ។
ជាចុងក្រោយ លោកអភិបាលរងបានឧបត្ថម្ភថវិការផ្ទាល់ខ្លួនចំនួន៦០ម៉ឺនដល់សិស្ស ក្រីក្រខ្លាំងបំផុត ចំនួន៣០នាក់ ដោយក្នុងម្នាក់ទទួលបាន២ម៉ឺនរៀល ។ ក្នុងនោះសិស្សទាំង៣០នាក់ ក៏បានទទួលការឧបត្ថម្ភជាសម្ភារៈរៀនសូត្រមានប៊ិច ជ័រលុប ដែកខ្មៅ សៀវភៅ កាតាបរៀន រួមទាំងឯកសណ្ឋានសិស្សម្នាក់១ឈុតផងដែរ ។ បន្ថែមពីនោះ លោកអភិបាលរងក៏បានឧបត្ថម្ភជូនលោកស្រីនាយការសាលាចំនួន២០ម៉ឺនរៀល ផងដែរ ដើម្បីដោះស្រាយការលំបាកក្នុងសាលាជាប្រចាំ ៕