ព្រៃវែង៖ លោកជំទាវ ជា ផល្គុណ ជាឧត្តមភរិយារបស់ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងទិវាកុមារអន្ដរជាតិ១មិថុនា ខួបទី៦៧ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា នៅសាលាគរុកោសល្យ ហ៊ុន សែន ភូមិភាគខេត្តព្រៃវែង។
ក្នុងពិធីនេះដែរលោកជំទាវ ជា ផល្គុណ បានលើកឡើងថា «ទិវាថ្ងៃនេះមានគោលបំណង ដើម្បីឧទ្ទិសចំពោះកុមារ ដែលទទួលរងមហាទារុណកម្មដ៏សាហាវយង់ឃ្នង នារយៈពេលកន្លងទៅ ដោយពួកហ្វាស៊ីស ក៏ដូចពួកកម្ពុជាប្រជាធិបតេយ្យ និងរំលឹកឡើងវិញរយៈពេល៦៧ឆ្នាំមុន ដែលគេបានធ្វើទារុណកម្មមកលើកុមារនៅប្រទេសបារាំង និងនៅប្រទេសឆេកូស្លូវវាគី ពីសំណាក់ពួកហ្វាស៊ីស ជាពិសេស ការប្រារព្ធទិវាកុមារអន្តរជាតិ ក្នុងគោលបំណងប្រឆាំងនឹងការជួញដូរកម្លាំងពលកម្មលើកុមារ និងលើកស្ទួយកុមារ ឱ្យពួកគេបានចូលសាលារៀន ឱ្យបានគ្រប់ៗគ្នា ជាពិសេសកុមារមានសិទ្ធិចូលរួមបច្ចេញមតិយោបល់ ហើយកុមារទាំងអស់មានសិទ្ធិស្មើគ្នា ក្នុងការបំពេញតម្រូវការ»។
បន្ថែមពីនេះ លោកជំទាវក៏បានសម្តែងមនោសញ្ចេតនា ស្រលាញ់ រាប់អាន ចំពោះក្មេងៗ កុមារា កុមារី និងបានសម្តែងនូវការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងក្មួយៗកុមារា កុមារី ទាំងអស់ដែលជាគ្រឹះរឹងមាំ របស់ប្រទេសជាតិទៅថ្ងៃអនាគត និងជាអ្នកបន្តវេនផងដែរ។ ជាងនេះទៅទៀត លោកស្រីក៏បានផ្ដាំផ្ញើទៅក្មេងៗថា ត្រូវចេះគោរពឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ និងការប្រៀនប្រដៅ របស់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ធ្វើអំពើណាដែល្អ មានផលប្រយោជន៍ដល់សង្គមខ្លួនឯង ក្រុមគ្រួសារ និងត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុករៀនសូត្រអោយបានពូកែ គោរពតាមអង្កការ ដោយប្រកាន់ខ្ជាប់នូវសីលធម៌និងគុណធម៌ល្អប្រសើរ ក្លាយខ្លួនជា សិស្សល្អ កូនល្អ មិត្តល្អ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ។
ជាចុងក្រោយ លោកជំទាវ ក៏បានឧបត្ថមដល់កុមារ១៥០នាក់ ក្នុងម្នាក់ៗទទួលបានប៊ិច២ដើម សៀវភៅ២ក្បាល ថវិកា៣០០០រៀល លោកគ្រូ អ្នកគ្រូ៣០នាក់ ក្នុងម្នាក់ៗថវិកា១០,០០០រៀល គ្រូគរុកោសល្យ៨៨នាក់ ក្នុងម្នាក់ៗថវិកា៥,០០០រៀល និងបេក្ខជនចូលរួមឆ្លើយសំនួរ១៥នាក់ ក្នុងម្នាក់ៗថវិកា១,០០០០រៀល ផងដែរ៕