​អនុសាខា​កាកបាទក្រហម​ខណ្ឌ​៧​មករា នាំ​អំណោយ​ចែកជូន​គ្រួសារ​ទីទ័លក្រ​៥៤​គ្រួសារ​

02-June-2016 | ដោយ មែន កំសត់




​ភ្នំពេញ​៖ អំណោយ​ជា​សំភារៈ ស្បៀងអាហារ និង​ថវិកា បានមកពី​ការជួយឧបត្ថម្ភ ពី​ព្រះសង្ឃ សប្បុរសជន​នានា តាមរយៈ​កាកបាទក្រហមកម្ពុជា ត្រូវបាន​អនុសាខា​កាកបាទក្រហម​ខណ្ឌ ៧​មករា នាំយកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ទីទ័លក្រ ចំនួន ៥៤​គ្រួសារ មកពី​សង្កាត់​វាល​វង្ស​,​បឹង​ព្រលិត និង​សង្កាត់​មនោ​រម្យ ។​

​ការនាំយក​អំណោយ​ចែកជូន នៅ​រសៀល​ថ្ងៃទី​៣១​មិថុនា នៅ​វត្ត​ថ្វាយ​ដង្គុំ ក៏ដូចជា​ពេលកន្លងមក​ជា​កាយវិកា​រ​សប្បុរសធម៌ ដ៏​ប្រពៃ​ដែល​កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តែងតែ​ផ្តោត​ការយកចិត្តទុកដាក់​គិតគូ​អំពី​សុខទុក្ខ​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ​ទីទ័លក្រ និង​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​នៅ​គ្រប់​ទីកន្លែង មិន​ថា នៅ​ទីក្រុង ឬ​ជនបទ​ដាច់ស្រយាល​។
​អំណោយ​ចែកជូន​នៅពេលនេះ គ្រួសារ​នីមួយៗ ទទួលបាន​អង្ករ​, មី​,​ត្រីខ​,​និង​ឃី​ត​១​កញ្ចប់ រួមមាន​ក្រមា មុង ភួយ​។ ព្រម​ជាមួយនេះ ព្រះគ្រូ​ចៅអធិការ​វត្ត​ថ្វាយ​ដង្គុំ ,​វត្ត​សំពៅ​មាស​,​និង​វត្ត​ព្រះពុទ្ធ​មានបុណ្យ ក៏បាន​ចូលរួម​ផ្តល់​អំណោយ​បន្ថែម មាន​អង្ករ ឃី​ត ,​មី​,​ត្រីខ​,​ទឹកក្រូច​,​ទឹកដោះគោ​,​តែ ,​ស្កសរ​,​និង​ថវិកា​ដល់​គ្រួសារ​នីមួយៗ​ចំនួន ២៥,០០០​រៀល​និង​បាន​ចែកជូន​សីល​វ័ន សីល​វ​ត្តី ចំនួន​២៧​នាក់ ម្នាក់ៗ​ទទួលបាន​ឃី​ត​១​កញ្ចប់ និង​ថវិកា ២៥.០០០​រៀល​។​

​លោក លឹម សុភា ប្រធានកិត្តិយស អនុសាខា កាកបាទក្រហម​ខណ្ឌ និង​ជា​អភិបាលខណ្ឌ​៧​មករា បាន​ថ្លែង​អាណិតអាសូរ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទីទ័លក្រ​ដែល​កំពុង​ជួប​ការលំបាក​ខ្វះខាត​។ លោក​បន្តថា អំណោយ​ដែល​នាំមក​ចែកជូន​នៅពេលនេះ ទោះបី មាន​ចំនួន​តិចតួច មិនអាច​ដោះស្រាយ​ឆ្លើយតប​នឹង​កង្វះខាត នៃ​សេចក្តីត្រូវការ​ជាច្រើន​ក៏ពិតមែន ប៉ុន្តែ បាន​ជួយ​សម្រាល​នូវ​ការលំបាក​ចំពោះមុខ​បាន​មួយគ្រា​ផងដែរ​។
​ទោះជា​យ៉ាងណាក៏ដោយ លោក​អភិបាលខណ្ឌ បាន​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ខិតខំ​ក្នុង​ការរក​ទទួលទាន​ជា​បន្តទៀត​។
​លោក​បាន លើកឡើង​អំពី​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​តែងតែ​គិតគូ​អំពី​សុខទុក្ខ​ជីវភាព​រស់នៅ​និង​ការអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ របស់​បងប្អូន ប្រជាពលរដ្ឋ​យើង ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ទីទ័លក្រ រងគ្រោះ​និង​ងាយ​រងគ្រោះ​ផ្សេងៗ ដោយ​មិន​មានការ​អើ​ស​អើ​ង ប្រកាន់​និន្នាការ​នយោបាយ ព័ណ៌​សម្បុរ ឬ​ជាតិ​សាសន៍​អ្វី​ឡើយ​។ លោក​អភិបាល បាន​ផ្តាំផ្ញើ​សូមឱ្យ​មានការ​យកចិត្ត​ទុកដាក់​គិតគូរ​អំពី​បញ្ហា​អនាម័យ បរិស្ថាន និង​ថែទាំ​សុខភាព​ឱ្យបាន​ល្អ​៕

ចំនួនអ្នកទស្សនា

    20215827

  • ថ្ងៃនេះ5161
  • ម្សិលមិញ2931
  • សប្តាហ៍នេះ17351
  • ខែនេះ5161
  • ឆ្នាំនេះ988381
  • សរុប20215827