កំពង់ចាម៖នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៧និង៣០នាទីព្រឹក នៅសាលាស្រុកកោះសូទិន មានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី២ ក្រោមអធិបតីភាពលោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុកកោះសូទិន ។
ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុក តំណាងអធិការនគរបាល តំណាងមេបញ្ជាការកងរាជអាវុធហត្ថ នាយករងរដ្ឋបាល មេឃុំ និង ប្រធាន-អនុប្រធានការិយាល័យ អង្គភាពទាំង៥ និងប្រធានការិយាល័យជំនាញជុំវិញស្រុកជាច្រើននាក់ផងដែរ ។
កិច្ចប្រជុំនេះបានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈ មានដូចជា៖
១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី២
២- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលឆ្នាំ២០១៦
៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីព្រាងប្រិតិទិន កម្មវិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី២ ឆ្នាំ២០១៦
៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំ ខែឧសភា ឆ្នាំ២០១៦ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលស្រុក។
ក្រោយពីស្ដាប់របាយការណ៍របស់រដ្ឋបាលសាលាស្រុករយៈពេល១ខែដែលអាន ជូ នដោយលោកនាយករដ្ឋបាល សាលាស្រុករួចមកមានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះដែរ លោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារ សង្កាត់ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាសង្កាត់ដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើង ដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ក្រុមប្រមូលផ្ដុំ អាវខ្មៅរបស់ក្រុមបក្សឬសង្គមស៊ីវិល ទាមទារឲ្យដោះលែងសកម្មជនអង្គការ និងជនល្មើស និងព្រមទាំងបាតុភាពជាយថាហេតុដែលកើតមាន ផ្ដល់ព័ត៌មាន លើកិច្ចប្រតិបត្តិការជារៀងរាល់ថ្ងៃ ស្រាវជ្រាវស្វែងរកមុខសញ្ញាគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខានតែបាន ហើយត្រូវរៀបចំក្រុមការងារ ចុះធ្វើការឆែកឆេរអាវុធ ជាតិផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងស្រវឹង ដើម្បីពង្រឹង និងកាត់បន្ថយ អសន្តិសុខនៅមូលដ្ឋាន។
នាឱកាសនោះលោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកក៏បានលើកឡើងបន្ថែមទៀតដែរថា៖ថ្នាក់ឃុំត្រូវចុះធ្វើ រដ្ឋបាលចំហរនៅគ្រប់ មូលដ្ឋានដើម្បីងាយស្រួលក្នុងការក្ដាប់មុខសញ្ញា និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ត្រូវស្រង់ស្ថិតិឲ្យបានច្បាស់ផ្ញើមកកាន់សាលាស្រុកដើម្បីស្វែងរកសប្បុរសជនចូលរួមដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។
ហើយត្រូវអនុវត្តន៍ការបម្រើសេវាសាធរណៈលើការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជាអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ការដោះស្រាយនូវរាល់តម្រូវការចាំបាច់នានានៅក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ ស្របតាមគោលនយៅបាយថ្នាក់ជាតិ៕