ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ រដ្ឋបាលខណ្ឌសែនសុខ បានរៀបចំពិធីចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិ ខ្មែរចំនួន ២៦៣ សន្លឹក ជូនប្រជាពលរដ្ឋស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ប៉ឺល កុសល អភិបាលខណ្ឌសែនសុខ ។ដោយមានវត្តមានចូលរួម ពី មន្ត្រី នគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាសង្កាត់ មេភូមិផងដែរ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ នាឱកាសនោះដែរលោក ប៉ឺល កុសល អភិបាលខណ្ឌសែនសុខ បានមានមតិ សំណេះសំណាល ទៅកាន់បងប្អូន ប្រកបដោយ ភាពរីករាយនិង ទឹកមុខញញឹម កក់ក្ដៅ និង ស្និទ្ធស្នាលជាទីបំផុត ។
ក្រៅពីការសំណេះសំណាល លោក អភិបាលខណ្ឌ និងក្រុមការងារ ក៏បានធ្វើការចែកនូវ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មី ជូនប្រជាពលរដ្ឋ នៅក្នុង សង្កាត់ឃ្មួញចំនួន ២៦៣ សន្លឹក ហើយ លោក ក៏បានណែនាំនៅពេលដែលទទួលបាន អត្តសញ្ញាណត្រូវ ពិនិត្យ លើទិន្នន័យ ឲ្យបានត្រឹមត្រូវ ករណីមានខុសអក្ខារាវិរុទ្ធ ស្នើទៅប៉ុស្ដិ៍នគរបាលដើម្បី ផ្ញើទៅកាន់អធិការស្រុក ផ្នែកជំនាញធ្វើការកែតម្រូវ ហើយត្រូវរក្សាទុកឲ្យបានគង់វង្ស ដើម្បីប្រើប្រាស់ ព្រោះវាជាឯកសារសំគាល់ គតិយុត្តិ មានសុពលភាពរយៈពេល១០ឆ្នាំ បើមានការបាត់បង់ដោយប្រការណាមួយ ត្រូវដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្តិ៍ ឬអាជ្ញាធរ នៅកន្លែងដែលយើងបាត់ ដើម្បីចៀសវាង មានការប្រព្រឹត្ត ល្មើស នានាវាជាប់ពាក់ព័ន្ធ ហើយសាម៉ីជន មិនបានដឹង ហើយ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពុំបានធ្វើអត្តសញ្ញាណប័ណ្ណត្រូវរួសរាន់មកធ្វើនៅប៉ុស្តិ៍នគរបាល រៀងរាល់ម៉ោងធ្វើការ។
លើសពីនេះទៅទៀត៖លោក ក៏បានសំណូមពរ ដល់បងប្អូន មេត្តាចូលរួម លើការងារភូមិ ឃុំមានសុវត្ថិភាព ការគោរពច្បាប់ចរាចរណ៍ ប្រសិនបើមានបញ្ហាអ្វីកើតឡើងត្រូវ ទំនាក់ទំនងសហការជាមួយអាជ្ញាធរ ដើម្បីមានវិធានការ ជួយអន្តរាគមន៍ ដោះស្រាយទាន់ពេល វេលា។
នាឱកាសនោះដែរដើម្បី ឆ្លើយតបទៅកាន់ក្រុមការងារ របស់សាលាខណ្ឌសង្កាត់ ប្រជាពលរដ្ឋ មានការត្រេកអរ និង រីករាយ យ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំ មូលដ្ឋាន ដែលតែងតែគិតគូរ សុខទុក្ខ ហើយជាក់ស្ដែងដូច ជាការ យកអត្តសញ្ញាណប័ណ្ណ មកប្រគល់ជូនពួកគាត់ ដល់ផ្ទះនាពេលនេះ និង សូមជូនពរ ដល់លោកអភិបាលខណ្ឌ ចៅសង្កាត់និង ក្រុមការងារ ជួបតែសំណាងល្អ និងទទួលជោគជ័យ គ្រប់ភារកិច្ច ដែល រាជរដ្ឋាភិបាលប្រគល់ជូន៕