ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ទីរឧស្សាហកម្ម ចុះបិទទីតាំងអាជីវកម្មផលិតទឹកបរិសុទ្ធ«យីហោ គីរីសិទ្ធិ» ជាបណ្តោះអាសន្នបន្ទាប់ពីរកឃើញថា ទីតាំងនេះមិនមានច្បាប់អនុញ្ញាតពីមន្ទីរជំនាញ ។ ហេតុការណ៍ចុះផ្អាកទីតាំងបណ្តោះអាសន្នខាងលើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមានម្ចាស់ទីតាំងឈ្មោះសួន ព្រលឹង ។
លោកវរសនីយ៍ទោ សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឱ្យដឹងថា ការចុះផ្អាកទីតាំងផលិតទឹកសុទ្ធខាងលើនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងរបស់លោកបានរកឃើញភស្តុតាងច្បាស់លាស់ថា អាជីវកម្មមួយនេះគ្មានច្បាប់អនុញ្ញាតពីមន្ទីរជំនាញទាល់តែសោះ ។ លោកបន្តថា ម្ចាស់ទីតាំងមានឈ្មោះ សួន ព្រលឹង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ចំណែកលោក តុប ធឿន ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្ម នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តសៀមរាប បានឱ្យដឹងថា ម្ចាស់ទីតាំងអាជីវកម្មផលិតទឹកបរិសុទ្ធនេះបានដាក់ពាក្យសុំច្បាប់ រួចរាល់ហើយ តែច្បាប់នោះមិនទាន់ធ្លាក់មក ដោយឃើញថា ច្បាប់វាយឺតយ៉ាវទើបគាត់ក៏លួចផលិតទឹកបរិសុទ្ធដោយខុសច្បាប់ឡើងបែប នេះទៅ ។ លោកបានបន្តថា ជាក់ស្តែងសិប្បកម្មទឹកបរិសុទ្ធខាងលើនោះនៅមិនទាន់មានច្បាប់ ដូច្នេះលោកត្រូវតែសម្រេចចិត្តសហការជាមួយសមត្ថកិច្ចនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បិទទីតាំងនេះជាបណ្តោះអាសន្នសិន រង់ចាំពួកគាត់រត់ច្បាប់បានហើយ ទើបអនុញ្ញាតឱ្យបើកដំណើរវិញ ៕