ភ្នំពេញ៖ មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ លោក ណយ ចាន់ណារ័ត្ន បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលខណ្ឌឫស្សីកែវ និងកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្វាយប៉ាក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងសីុសង យ៉ាងអនាធិបតេយ្យមួយកន្លែង ដោយឃាត់ខ្លួនយុវជនប្រុសស្រីចំនួន៣នាក់ រួមទាំងដកហូតទូហ្គេមបៀរ៣គ្រឿង និងទូហ្គេមធំបាញ់ត្រី១គ្រឿង ព្រមទាំងរកឃើញថ្នាំញៀន ចំនួន៥កញ្ចប់ទៀតផង។
លោក ណយ ចាន់ណារ័ត្ន បានបញ្ជាក់ថា យុវជនទាំង៣នាក់ រួមមានទី១ឈ្មោះ សៀង ហុកលី ភេទស្រី អាយុ១៩ឆ្នាំ មានមុខរបរជាសិស្ស ទី២ឈ្មោះ ង្វៀង វ៉ាន់លិន ភេទប្រុស អាយុ១៨ឆ្នាំ មានមុខ របររត់តុ និងទី៣ឈ្មោះ ង្វៀង ស្រីមុំ អាយុ១៥ឆ្នាំ មានមុខរបរជាសិស្ស អ្នកទាំង៣ ស្នាក់នៅក្បែរគ្នាតាម បណ្ដោយផ្លូវលំ ស្ថិតភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
លោក ណយ ចាន់ណារ័ត្ន បានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានសេចក្ដី រាយការណ៍ជាបន្តបន្ទាប់ ពីបងប្អូនប្រជាពលរដ្ឋតាមលំនៅដ្ឋាននានា ថាមានករណីលេងល្បែងហ្គេមបាញ់ត្រីភ្នាល់ដាក់លុយទាំងយប់ទាំងថ្ងៃទាំងចាញ់ទាំងឈ្នះ យ៉ាងអនាធិបតេយ្យ ទើប មកដល់រសៀលថ្ងៃនេះ ដោយ មានការចូលរួមសហការពីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្វាយប៉ាក ខណ្ឌឫស្សីកែវ បានសម្រេចបើកប្រតិបត្តិការបង្ក្រាបតែម្ដង។
មន្ត្រីនគរបាលព្រហ្មទណ្ឌដដែល បានបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះដែរ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនយុវជនប្រុស ស្រីចំនួន៣នាក់ ដោយដកហូតមវត្ថុតាងមួយចំនួនដូចជា ទូហ្គេមបៀរ៣គ្រឿងនិងទូហ្គេមបាញ់ត្រី១គ្រឿង ព្រមទាំង រកឃើញថ្នាំញៀនចំនួន៥កញ្ចប់តូច សង្ស័យជាប្រភេទម៉ាទឹកកក ដែលបានលាក់ទុកក្នុងទីតាំងល្បែងហ្គេមបាញ់ត្រី ខាងលើនេះផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ន យុវជនប្រុសស្រីទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្វាយប៉ាក បញ្ជូនបន្តទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវតាមនិតិវិធីរបស់អយ្យការ សាលាដំបូងរាជធានីភ្នំពេញ៕