ពលរដ្ឋ​ប្រតិកម្ម​នឹង​តុលាការ ខណៈ​មិន​ចាត់ការ​កូនប្រុស​ស្នងការ​ខេត្តកោះកុង​

05-June-2016 | ដោយ មែន កំសត់


​កោះកុង៖ លោក លឹម សុជាតិ ជា​ជនរងគ្រោះ​ពី​អំពើហិង្សា​ដោយ​ចេតនា ដែល​បង្កដោយ​មន្ត្រីនគរបាល​ខេត្តកោះកុង បាន​បញ្ចេញ​នូវ​ប្រតិកម្ម​យ៉ាងខ្លាំង តប​ទៅ​និង​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកោះកុង ដែល​បានសម្រេច​លើកលែង​ការចោទប្រកាន់​លើ​បក្សពួក​ជនជាប់ចោទ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ខណៈដែល​ជនសង្ស័យ​ត្រូវ​ចោទប្រកាន់ ស្ថិត​នៅមាន​សេរីភាព​នៅឡើយ​។​

​លោក លឹម សុជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ បាន​រំលឹក​រឿងរ៉ាវ​ដែល​បាន​កើតឡើង​មកលើ​រូបលោក​ថា កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ កន្លងទៅ ខ្ញុំបាទ លឹម សុជាតិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ខេត្តសៀមរាប បាន​ត្រូវ​ឈ្មោះ ច័ន្ទ រ៉ាវី​យ៉ា ដែលជា​មន្ត្រីនគរបាល​ខេត្តកោះកុង និង​ត្រូវជា​កូនបង្កើត​លោកស្នងការ​ខេត្ត រួមទាំង​បក្សពួក​ច្រើន​នាក់​ទៀត បាននាំគ្នា​ចាប់​ក្រៀក ហើយ​វាយ​ទាត់​ធាក់​មកលើ​រូបខ្ញុំ រងរបួស​ធ្ងន់ធ្ងរ​រ​ហូត​សន្លប់ និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុ​ចំណោម​មហាជន​ដែល​កំពុង​ចូលរួម​សប្បាយ​ក្នុង​ពិធីបុណ្យ​សមុទ្រ​យ៉ាងច្រើន​កុះករ​។

​ហេតុការណ៍​នោះបាន​កើតឡើង នៅ​ចំណុច​មុខ​តូប​តាំង​ពិ​ពរ​ណ៌​បុណ្យ​សមុទ្រ ក្នុងភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។
​ក្រោយ​ហេតុការណ៍​នោះ លោក​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត ហើយ​ក្រោយមក​តុលាការ​ក៏បាន​ចាត់​និតិ​វិធី​ជា​បន្តបន្ទាប់ រហូត​ចៅក្រម​ស៊ើបសួរ​បាន​ចោទប្រកាន់​ឈ្មោះ ច័ន្ទ រ៉ាវី​យ៉ា ជនបង្ក​ពីបទ​ស្ថាន​ទម្ងន់ទោស ( ហិង្សា​ដោយ​ចេតនា មាន​មនុស្ស​ច្រើន​នាក់​ក្នុងឋានៈ​ជា​សហចារី ) ហើយ​បាន​បញ្ជូន​សំណុំរឿង​ទៅ​ព្រះរាជអាជ្ញា ដើម្បី​ពិនិត្យ​តាមផ្លូវ​ច្បាប់​។ បន្ទាប់មក​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ ត្រូវបាន​បញ្ជូនទៅ​ជំនុំជម្រះ​។ ប៉ុន្តែ​អ្វី​ជាការ​កត់សម្គាល់​នោះ​គឺ​តុលាការ​បានសម្រេច​លើកលែង​ការចោទប្រកាន់ បក្សពួក​របស់​ជនជាប់ចោទ​ទាំងអស់ ខណៈដែល​បក្សពួក​ទាំង​នោះ បានធ្វើ​សកម្មភាព​ដែលជា​បទល្មើស​ជាក់ស្តែង​នៅមុខ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ដោយ​តុលា​ការលើក​ហេតុផល​ថា ស្វែងរក​សវ​តា​ជាតិ​អញ្ញាតជន​ទាំងអស់នោះ​ពុំ​ឃើញ​។​

​លោក លឹម សុជាតិ បាន​សម្តែង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការសម្រេច​នេះ​ព្រោះថា ក្នុងពេល​ហេតុការណ៍​កើតឡើង​ទាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ច្រើន​កុះករ​បានដឹង​និង​បាន​ស្គាល់មុខ ស្គាល់ឈ្មោះ ជនបង្ក​ទាំងអស់ ហើយ​បច្ចុប្បន្ននេះ គេ​បានឃើញ​វត្តមាន​ជនបង្ក​នោះ ស្ថិតនៅក្នុង​ក្រុង​ខេមរភូមិន្ទ ថែមទៀត​។ ដូច្នេះ ហេតុអ្វី​បានជា​តុលាការ​អះអាងថា រក​ពុំ​ឃើញ​សាវតា​ជាតិ​ជនបង្ក​ដូច្នេះ​ទៅវិញ​។​
​ជនរងគ្រោះ​បានបង្ហាញ​នូវ​ការមិន​ពេញចិត្ត ចំពោះ​ចំណាត់ការ​របស់​តុលាការ ក្នុងពេលដែល​ជន​ត្រូវ​ចោទ​បានធ្វើ​សកម្មភាព​បង្ក​ហិង្សា​ចេតនា​ជាក់ស្តែង និង​មាន​ស្ថាន​ទម្ងន់ទោស ចុះ​ហេតុអ្វី​ក៏​បណ្តោយ​ឲ្យ​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នោះ រស់នៅ​ដោយមាន​សេរីភាព និង​ដើរ​អួត​ក្អេងក្អាង​អាងខ្នង​រហូត​សព្វថ្ងៃ ក្នុងពេលដែល​ហេតុការណ៍​បាន​កើតឡើង​មួយឆ្នាំ​កន្លះ​មកហើយ​នោះ​។​
​ទន្ទឹម​នោះ លោក​ក៏​មិនដឹងថា អំណាចតុលាការ​ខេត្តកោះកុង​មិនសូវមាន​ឥទ្ធិពល​ឬក៏​ជន​ត្រូវ​ចោទ​មានអំណាច ខ្លាំង​ឬក៏​យ៉ាងណា​នោះទេ​។ ផ្តើម​ពី​នោះ​លោក​មិនសូវមាន​សង្ឃឹមថា នឹង​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ​នោះឡើយ ព្រោះ​ជនបង្ក​ជា​មន្ត្រីនគរបាល និង​ជា​កូន​ស្នងការ​ខេត្ត​នោះ​ទៀត​។​
​យ៉ាងណាក៏ដោយ​លោក​លឹម សុជាតិ អំពាវនាវ​ជាថ្មី​ដល់​ស្ថាប័ន​តុលាការខេត្ត រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​ពិចារណា ករណី​ខាងលើនេះ​ឡើងវិញ ព្រោះថា រាល់​ចំណាត់ការ​របស់​តុលាការ​ហាក់​បង្ហាញ​នូវ​ភាពមិនប្រក្រតី​ច្រើន ហើយ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ និង​ក្នុងនាម​ជា​ជនរងគ្រោះ​លោក​មិនអាច​ទទួលយកបាន​នោះឡើយ សុំ​ជួយ​ផ្តល់នូវ​យុត្តិធម៌ ដោយ​កុំ​យក​ស្ថាប័ន​ដ៏​ថ្លៃថ្នូរ របស់​ជាតិ​ទៅធ្វើជា​ល្បែង ដើម្បី​បក្សពួក និង​ផលប្រយោជន៍​បុគ្គល​អី វា​នាំឱ្យ​ប៉ះពាល់​ដល់​ការធ្វើ​កំណែ​ទ្រង់​ស៊ីជម្រៅ ពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​៕

ចំនួនអ្នកទស្សនា

    20215897

  • ថ្ងៃនេះ5231
  • ម្សិលមិញ2931
  • សប្តាហ៍នេះ17421
  • ខែនេះ5231
  • ឆ្នាំនេះ988451
  • សរុប20215897