ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនៅលើបណ្តាញសង្គម Facebook របស់ខ្លួនថាខ្លួននឹងមិនអនុញ្ញាតឱ្យមានការរៃអង្គាសថវិកាពី ប្រជាពលរដ្ឋ ដើម្បីយកមកអភិវឌ្ឍន៍និងថែទាំផ្លូវ លូ ភ្លើងបំភ្លឺ សាធារណ:នានា តាមគ្រប់រូបភាពចាប់ពីពេលនេះតទៅ។
ការប្រកាស នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដើម្បី បន្តដោះស្រាយបញ្ហាជួសជុលផ្លូវសំបុកមាន់ អណ្ដូងលូ គម្របលូស្តារប្រឡាយនានាក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ។
នៅក្នុងសារនោះក៏បានលើកឡើងថា ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានណែនាំ ដល់គ្រប់រដ្ឋបាលខណ្ឌទាំងអស់ ត្រូវសហការ ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីរៀបចំស្តារនិងជួសជុលអណ្ដូងលូ គម្របប្រឡាយ-លូ និងផ្លូវសំបុកមាន់ឲ្យបានទាន់ពេល មុនរដូវវស្សាមកដល់។
នៅក្នុងកិច្ចប្រជុំនៃព្រឹកនេះដែរឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានស្តីបន្ទោសដល់ក្រុមហ៊ុនធ្វើផ្លូវ និងលូ ដែលទុកចោលមិនព្រមធ្វើការលុបដីនៅចំណុចលូ៥ ផ្លូវវេងស្រេង ដែលទុកចោលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ជារៀងរាល់ថ្ងៃ ហើយជាទូទៅ ប្រជាជនរអ៊ូរទាំ និងចោទសាលាក្រុងថា “ធ្វើផ្លូវ ស្ទះលូ ធ្វើលូ ខូចផ្លូវ”។
ក្រៅពីការលើកឡើងនេះ អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថាសាលាក្រុងនឹងដាក់គ្រឿងចក្រស្ថាបនាផ្លូវឆ្លងកាត់ ភូមិសាស្ត្រ សង្កាត់បឹងទំពុន និងសង្កាត់ស្ទឹងមានជ័យ ដោយចាប់ពីផ្លូវ៣៧១ រហូតដល់ផ្លូវ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី។
លោកអភិបាលរាជធានី នៅបានជំរុញដល់មន្ត្រីជំនាញ ពន្លឿន ដល់ ការស្ថាបនាស្ថានីយ៍បូមទឹកដែលកំពុងដំណើរការសាងសង់សព្វថ្ងៃនេះ ឲ្យលឿនរួចរាល់ ខណៈរដូវភ្លៀងចាប់ធ្លាក់បណ្តើរមកហើយ៕