ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះរដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យ បានប្រារព្ធពិធីដេញថ្លៃគម្រោង មូលនិធិអភិវឌ្ឍន៍សង្កាត់ ទាំង១០ក្នុងសាលាខណ្ឌ ស្របពេលដែលរាជធានីភ្នំពេញ បាននិងកំពុងជំរុញការអភិវឌ្ឍន៍ គ្រប់វិស័យព្រមទាំងការកែលម្អសោភ័ណភាព បរិស្ថាននៅក្នុងក្រុង យ៉ាងសស្រាក់សស្រាំ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលដៅអភិវឌ្ឍន៍ សហវត្សរិ៍ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល អាណត្តិទី៥ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
កិច្ចប្រជុំខាងលើនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញ មន្ត្រីទីប្រឹក្សាគម្រោងផអ៣ មន្ត្រីបច្ចេកទេស តំណាងក្រុមហ៊ុនអ្នកទទយលការ លោក ហែម ដារិទ្ធ អភិបាលខណ្ឌ ថ្នាក់ដឹកនាំសាលាខណ្ឌ ព្រមទាំងចៅសង្កាត់ទាំងនិងគណៈកម្មាការលទ្ធកម្មនៃសង្កាត់ទាំង១០ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
នាឱកាសនោះលោក ហែម ដារិទ្ធ បានថ្លែងថា ក្រុមប្រឹក្សាសង្កាត់ទាំង១០ ក្នុងខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលសាលាខណ្ឌ បាននិងខិតខំកែលម្អសោភ័ណភាព កសាងហេដ្ឋារចនា សម្ព័ន្ធដូចជាការស្ថាបនាផ្លូវបេតុងក្រាលឆ្អឹងដែក ការជួសជុលផ្លូវគ្រួសក្រហម ផ្លូវក្រាលដីសការដាក់ប្រព័ន្ធលូរំដោះទឹកនិងការស្តា ប្រឡាយ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង លិចភូមិដ្ឋានប្រជាពលរដ្ឋ។
លោកអភិបាលខណ្ឌ បានបន្តទៀតថា «គម្រោងដែលដាក់ឲ្យដេញថ្លៃមានចំនួន១០គម្រោងរួមមានទី១-គម្រោងជួសជុលផ្លូវបេតុង គ្មានសសៃដែកចំនួន៧គម្រោង ទី២-គម្រោងជួសជុលផ្លូវក្រាលខ្សាច់ភ្នំចំនួន១គម្រោង ទី៣-គម្រោងជួសជុលផ្លូវក្រាលកំទេចថ្មចំនួន ១គម្រោង និងទី៤-គម្រោងដាក់ប្រព័ន្ធលូរំដោះទឹកចំនួន១គម្រោង គិតជាថវិកាសរុប១០១៨.៤៥៥.៣៦៧រៀល»។
ជាមួយគ្នានេះឯកឧត្តម ត្រាក់ ថៃសៀង បានលើកឡើងថា ចំពោះការដេញថ្លៃគម្រោងមូលនិធិសង្កាត់នាពេលនេះ តំណាងក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមដេញថ្លៃ ត្រូវពិចារណាឲ្យបានហ្មត់ចត់ពីតម្លៃ និងស្ថានភាពទីតាំងគម្រោងស្របតាមគោលការណ៍ណែនាំថ្នាក់ជាតិការ ធានាឲ្យបាននូវតម្លាភាពប្រសិទ្ធភាព ត្រូវគោរពក្រមសីលធម៌ ឲ្យបានតាមស្តង់ដារជៀសវាង ការប្រព្រឹទ្ធអំពើពុករលួយហើយក្រោយពីទទយលបានលទ្ធផលត្រូវមកចុះកិច្ចសន្យាសាងសង់ និងមិនរត់ចោលកម្រោងដើម្បីរក្សាបានគុណភាពបទដ្ឋានគម្រោង៕