នគរបាលរាជធានីភ្នំពេញទាំង ១២ ខណ្ឌ នឹងចុះធ្វើ សៀវភៅគ្រួសារជូនដល់ពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ នេះបើតាមប្រសាសន៍ លោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយដកស្រង់ពីទំព័រសង្គមសាលារាជធានី។
លោកបានលើកឡើងថា ដើម្បីចូលរួមកាត់បន្ថយ និងលុបបំបាត់ទាំងស្រុង ចំពោះភាពមិនប្រក្រតីណាមួយ ដែលបានកើតមានឡើង លើការផ្ដល់សេវាសាធារណៈ ជាពិសេសការធ្វើសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ នគរបាលទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវតែចុះទៅធ្វើប័ណ្ណគ្រួសារ (សៀវភៅលឿង) និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ ដល់ផ្ទះតែម្ដងទូទាំង រាជធានីភ្នំពេញ ចាប់ពីពេលនេះតទៅ។
កន្លងមកមានការត្អូញត្អែរពីការយកតំលៃលើសកំណត់របស់នគរបាល រដ្ឋបាល ទាក់ទងនឹងការធ្វើសៀវភៅគ្រួសារនេះ ខណៈកិច្ចការងារធ្វើសៀវភៅគ្រួសារសម្រាប់ប្រជាពលរដ្ឋ គឺជាភារកិច្ចរបស់មន្ត្រីជំនាញ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ តាមគោលការណ៍របស់ក្រសួងមហាផ្ទៃបានណែនាំមន្ត្រីជំនាញធ្វើសៀវភៅ គ្រួសារ ដោយមិនតម្រូវឲ្យបង់ប្រាក់អ្វីឡើយ៕