ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានណែនាំមន្ដ្រីក្រោម ឱវាទបង្កើតជាបន្ទាន់នូវគណៈកម្មការត្រួតពិនិត្យ ធ្វើសកម្មភាព និងវាយតម្លៃ ការបង្ក្រាបគ្រឿងញៀន នៅសង្កាត់ទឹកថ្លា ជាកន្លែង ដែលមានករណីជួញដូរគ្រឿងញៀនច្រើនជាងគេ បើគិតក្នុងចំណោមសង្កាត់ផ្សេងៗនៅទូទាំងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៦នេះ។
ការណែនាំរបស់ឯកឧត្តមកែ គឹមយ៉ាន នេះ បានធ្វើឡើង ខណៈលោក រួមជាមួយនឹងតំណាងសាលារាជធានីភ្នំពេញនិងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បានចុះទៅត្រួតពិនិត្យ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាព្រឹកថ្ងៃទី ៨មិថុនា។
តំបន់ត្រពាំងឈូក ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ត្រូវបានចាត់ទុកថាជាកន្លែងដែលពេញនិយមដោយការជួញដូរគ្រឿងញៀន គ្មានការថមថយសោះ ដោយគ្រាន់តែនៅក្នុងរយៈពេលដើមឆ្នាំ ២០១៦នេះ ករណីជួញដូរគ្រឿងញៀនមានចំនួនច្រើនជាង៣០០ករណី ហើយសមត្ថកិច្ច បានឃាត់ខ្លួនជនល្មើសជាង៣០០នាក់។ នេះបើតាមការបញ្ជាក់ពីលោកមាស ភារិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ដោយមូលហេតុដូច្នេះហើយឯកឧត្តមកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរួមជាមួយនឹងសាលារាជធានី ភ្នំពេញ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បានចុះទៅពិភាក្សា និងពិនិត្យតំបន់នោះផ្ទាល់ ដើម្បីរកគន្លឹះដោះស្រាយ និងរៀបចំយន្តការ ដើម្បីរក្សាស្ថិរភាព សុវត្ថិភាពតំបន់នោះ ឲ្យបានរៀបរយ និងឲ្យល្អប្រសើរជាងមុន។
បើតាមលោកមាស ភារិទ្ធ ក្រោយការពិនិត្យនោះ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានណែនាំឲ្យមានផែនការ ធ្វើសកម្មភាពរយៈពេល១ឆ្នាំ ដោយអនុវត្តជា ៤ដំណាក់កាល គឺមានការត្រួតពិនិត្យរៀងរាល់៣ខែម្តង។ ជាមួយគ្នានោះក៏បានជំរុញឲ្យមានការបង្កើតជាបន្ទាន់នូវគណៈកម្មការ ត្រួតពិនិត្យ និងធ្វើសកម្មភាព នៅតំបន់ត្រពាំងឈូកនិងទូទាំងសង្កាត់ទឹកថ្លាទាំងមូល ហើយត្រូវមានគណៈកម្មការតាមដាន និងវាយតម្លៃពីវឍ្ឈនភាព នៃសកម្មភាពបង្ក្រាបគ្រឿងញៀនថ្នាក់សង្កាត់នោះផងដែរ។ ចំណែកឯសមាសភាពរបស់គណៈកម្មការនោះ គឺជាការរួមបញ្ជូលគ្នាជាមួយនឹងសហគមន៍មូលដ្ឋាន។
តាម អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយសារតែកន្លងមក ការអនុវត្តច្បាប់តែមួយមុខមិនបានជោគជ័យ ដូច្នេះទើបមានការតម្រូវឲ្យមានការប្រើប្រាស់គ្រប់កោសិកានៅសង្កាត់ ទឹកថ្លានោះឲ្យចូលរួម៕