ភ្នំពេញ៖ កន្លងមក ដោយពិនិត្យឃើញថា ស្មៀនឃុំ-សង្កាត់មួយចំនួនបានចូលនិវត្តន៍ ទទួលមរណភាពនិងមួយចំនួនត្រូវបានតែងតាំងមុខតំណែង និងផ្លាស់ប្ដូរភារកិច្ចទៅបម្រើការងារនៅតាមសាលាក្រុង-ស្រុក-ខណ្ឌ ក្រសួងមហាផ្ទៃបានបង្គាប់ឲ្យអភិបាលរាជធានី-ខេត្ត ចាត់ឲ្យរៀបចំបញ្ជីបច្ចុប្បន្នភាពស្មៀន តាមរដ្ឋបាលឃុំ-សង្កាត់ ក្នុងដែន សមត្ថកិច្ចរបស់ខ្លួនហើយបញ្ជូនមកក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ស្នើឲ្យរដ្ឋបាលរាជធានី-ខេត្តនីមួយៗ យកចិត្តទុកដាក់ពិនិត្យណែនាំ និងចាត់ចែង លើសំណើសុំតែងតាំង រឺផ្លាស់ប្តូរស្មៀនឃុំ សង្កាត់ដែលនៅទំនេរ ឫមិនទាន់បានបំពេញបែបបស្របតាមគោលការណ៍ បែបបទនៃនីតិវិធីកំណត់។ ក្នុងករណីខ្វះខាតមន្ត្រីរាជការ ដើម្បីស្នើតែងតាំងជាស្មៀនឃុំ-សង្កាត់នោះ រាជធានី-ខេត្ត នីមួយៗ ត្រូវរាយការណ៍ជាបន្ទាន់មកក្រសួងមហាផ្ទៃ ដើម្បីពិនិត្យនិងសម្រេច៕