ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងការគ្រប់គ្រងរថយន្តធុនធ្ងន់ចូលក្រុង ដើម្បីបន្តដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍ដែលកំពុងក្លាយជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងររបស់រាជធានីភ្នំពេញយើងក្រោមការដឹកនាំកិច្ចប្រជុំពីឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ។
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើងឡើងថា៖ចាប់ពីការចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី យើងសង្កេតឃើញមានភាពវិជ្ជមាននៃការភ្ញាក់រឭកគោរពច្បាប់របស់បងប្អូនប្រជាពលរដ្ឋយើងកាន់តែច្រើន ប៉ុន្តែករណីអ្នកបើកបរក្រោមជាតិស្រវឹងនៅតែមានច្រើនផងដែរ។ ចំពោះការងារគ្រប់គ្រងរថយន្តធុនធ្ងន់ចូលក្រុង រដ្ឋបាលរាជធានីភ្នំពេញនឹងចេញសេចក្តីណែនាំថ្មី ដើម្បីកែសម្រួលចំណុចមួយចំនួនឲ្យកាន់តែប្រសើរជាងនេះ។
ដើម្បីរួមចំណែកកាត់បន្ថយបញ្ហាខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងគ្រប់រូបភាពទាំងការរៀបចំស្លាកសញ្ញាចរាចរណ៍ ទាំងការគូសគំនូសចរាចរណ៍តាមដងផ្លូវ ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ទាំងការរៀបចំភ្លើងស្តុបតាមផ្លូវប្រសព្វជាដើម៕