អភិបាលខេត្ត​កណ្តាល​៖ ការផ្អាក​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ នៅ​ក្រុង​តាខ្មៅ ជា​បញ្ហា​រង្គោះរង្គើ​ផ្ទៃក្នុង CNRP

09-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ឯកឧត្តម ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល បាន​បដិសេធថា អាជ្ញាធរ​ពុំបាន​រារាំង​ដល់​គម្រោង​សង់​ស្ថានីយ៍ទូរទស្សន៍​ព្រះអាទិត្យ នៅ​ក្រុង​តាខ្មៅ​ទេ ប៉ុន្តែ​លោក​ថា​មូលហេតុ​ដែលមាន​ការផ្អាក គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​ប្រឆាំង​នោះ កើតឡើង​ដោយសារតែ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ និង​បញ្ហា​ផ្ទៃក្នុង​របស់ CNRP លើ​ទំហំ​ផ្ទៃដី​។​

​ការ​ប្រតិកម្ម​របស់ អភិបាលខេត្ត​កណ្តាល បាន​ធ្វើឡើង​បន្ទាប់ពី លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​នៅក្នុង​សន្និសីទកាសែត​មួយ ឯ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ ដោយ​ប្រកាស​អំពី​ការផ្អាក​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ ក្នុង​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ហើយ​ថា មូលហេតុ​បណ្តាលឱ្យមាន​ការផ្អាក​នេះ ដោយសារតែ​ការរារាំង​ពី​អាជ្ញាធរ​ដែនដី​។​

លោក យ៉ែម បុញ្ញឫទ្ធិ បាន​លើកឡើងថា «​ដី​មួយកន្លែង​ដែល​យើង​បាន​នៅ​ក្រុង​តាខ្មៅ យើង​បានរៀបចំ​ដាក់ពាក្យ​ដើម្បី​សុំ​ដំឡើង​អង់​តែ​ន ហើយ​មាន​ប្រជាពលរដ្ឋ ហើយ​មាន (​គេ​) យក​លេស​ក្រោម​ហេតុផល​ថា ប្រជាពលរដ្ឋ​មួយចំនួន លោក​ប្តឹង​ថា អាច​ប៉ះពាល់​ដោយសារ​វិទ្យុសកម្ម​ជាដើម វា​ជា​រឿង​គួរឱ្យ​ចម្លែក ព្រោះ​ស្ថានីយ៍ទូរទស្សន៍​មួយចំនួន មាន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ទាំងអស់​»​។​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ ឯកឧត្តម ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល បាន​ប្រាប់ ឱ្យដឹងថា លោក យ៉ែម បុញ្ញឫទ្ធិ កំពុង​បៀម​ឈាម​ព្រោះ​ដាក់​គេ​។ លោក​ថា បញ្ហា​នេះ មកពី​ផ្ទៃក្នុង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​មិន​ចង់បាន​ទីតាំង​តូច នៅក្នុង​ដីឡូត៍​ខាងលើ ហើយដោយ​សារ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​នាំគ្នា​ផ្តិតមេដៃ មិនឱ្យ​មានការ​សាងសង់​ស្ថានីយ៍ទូរទស្សន៍ ដោយសារតែ​បារម្ភ​ថា ខ្លះ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ​។​

​ឯកឧត្តម​បាន​បន្តថា «​គឺ​ប្រជាជន​គាត់​ជា​អ្នកជំទាស់ មិនឱ្យ​មានការ​សម្រេច​ឱ្យ គណបក្ស​សង្គ្រោះ​ជាតិ លើក​អង់​តែ​ន​ទូរទស្សន៍​នៅក្នុង​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន​ហ្នឹង​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​ពួកគាត់ គាត់​ខ្លាច​មាន​បញ្ហា​វិទ្យុសកម្ម នេះ​គឺជា​សំណូមពរ​ប្រជាជន​រស់នៅ​ជុំវិញ​ដី​ឡូ​តិ៍​នោះ ហើយ​មួយទៀត​គឺ​គាត់​សង់​អង់​តែ​ន នៅលើ​ដីឡូត៍​តូច វា​មិន​ទំនង​ហើយ​សូម្បីតែ​ផ្ទៃក្នុង​របស់គាត់ ក៏​មិន​ឯកភាពគ្នា​ដែរ លើ​បញ្ហា​ស្នើសុំ​ហ្នឹង នេះ​ប្រហែលជា​មកពី​បញ្ហា​មិនសូវ​ស្រុះស្រួល​ផ្ទៃក្នុង​គាត់​ផង​»​។​
​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រើ​ដើមទុន​យ៉ាងហោចណាស់ ៣​លាន​ដុល្លារ ត្រូវបាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​អំឡុង​ឆ្នាំ​២០១៥ បន្ទាប់ពី​រៃអង្គាស​ថវិកា​ពី​សប្បុរសជន នានា​បាន​មួយចំនួន​។ ទោះជា​យ៉ាងណា​គម្រោង​នេះ មិនបាន​សម្រេច​តាម​គោលដៅ​នោះទេ​។​

​លោក យ៉ែម បុញ្ញឫទ្ធិ ក៏បាន​បញ្ជាក់​នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​មិញ​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្វែងរក​ទីតាំង​ថ្មី​ទៀត ដើម្បី​បន្ត​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ​នេះ​៕

ចំនួនអ្នកទស្សនា

    20215017

  • ថ្ងៃនេះ4351
  • ម្សិលមិញ2931
  • សប្តាហ៍នេះ16541
  • ខែនេះ4351
  • ឆ្នាំនេះ987571
  • សរុប20215017