ភ្នំពេញៈ ក្រសួង៥បានសម្រេចចិត្តផ្ទេរមុខងារ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន ក្រសួងអប់រំ ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍជនបទ ក្រសួងសង្គមកិច្ច និងក្រសួងបរិស្ថាន។ នេះបើតាមការបង្ហាញក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។
ក្រសួងទាំង៥ បានបញ្ចប់បញ្ជីវិភាគមុខងារ និងការពិនិត្យមើលឡើងវិញនូវមុខងារ និងធនធាន និងបានសម្រេចចិត្តផ្ទេរមុខងារមួយចំនួន។ ក្រសួងមួយចំនួនបានផ្ទេរសាកល្បងនូវមុខងារមួយចំនួនតាមបែបផែនជាការ ប្រគល់ និងប្រតិភូកម្ម។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃដើម្បីពិនិត្យមើលឡើងវិញនូវកិច្ចដំណើរការផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការធ្វើវិសោធកម្មច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបនការពារធម្មជាតិ៕