ភ្នំពេញ៖ក្រុមប្រឹក្សាខណ្ឌដូនពេញសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមដោយសេរី ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ២០១៦ ដែលប្រារព្វនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង០៧ព្រឹក នៅសាលប្រជុំ វិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ។
ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍខណ្ឌដូនពេញអោយកាន់តែប្រសើរឡើង និងជួយបំពេញការខ្វះខាតនានា។
តាមរយៈវេទិកានេះ បងប្អូនប្រជាពលរដ្ឋមានឱកាសក្នុងការចូលរួមបញ្ចេញមតិយោបល់ សំណើ សំណូមពរនានាជុំវិញបញ្ហាដែលពាក់ព័ន្ធនឹង ការរៀបចំសណ្ដាប់ធ្នាប់, បញ្ហាសន្តិសុខ, បញ្ហាបរិស្ថានអនាម័យ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋាន និងបញ្ហាផ្សេងៗដែលជាក្ដីកង្វល់។
វេទិកានេះក៏រាយការណ៍ជូននូវសមទ្ធិផល និងការអភិវឌ្ឍនានាក្នុងមូលដ្ឋានដែលរដ្ឋបាលខណ្ឌសម្រេចបាន ពិសេសបានស្តាប់នូវការឆ្លើយតបរាល់សំណើ សំណួរ សំណូមពរ ទាំងឡាយដែលបានលើកឡើងក្នុងឆ្នាំ២០១៥ផងដែរ។