លោក​ទៀវ សំអឿន​៖ របង​សំណង់​រឹង​ដែល​អាជ្ញាធរ ត្រៀម​វាយ​កម្ទេចចោល​នោះ មិនមែនជា​កម្មសិទ្ធិរ​បស់​លោក​ទេ

24-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ភ្លាមៗ​ក្រោយ​មានការ លើកឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា របង​សំណង់​រឹង ស្ថិតនៅ​សហគមន៍​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ត្រៀម​វាយកម្ទេច​ចោល ហើយ​ថា​ម្ចាស់​កម្មសិទ្ធិ​គឺ​លោក ទៀវ សំអឿន អភិបាលរងខណ្ឌ​សែន​សុខ​នោះ នៅ​រសៀល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦​នេះ អភិបាលរងខណ្ឌ បាន​ចេញមក​ច្រានចោល​ទាំងស្រុង គឺ​មិនមែនជា​កម្មសិទ្ធិ​របស់​លោក​នោះទេ​។​

លោក ទៀវ សំអឿន បាន​ប្រាប់ សាធារណៈជន​ដែល​រស់នៅ​ខណ្ឌ​សែន​សុខ​និង​លោក ជួន សុជាតិ ថា របង​នៃ​សំណង់​រឹង​នេះ មិនមែនជា​កម្មសិទ្ធិរ​បស់​លោក​នោះទេ ហើយ​លោក​ក៏​មិនបាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សំណង់​នេះ​ទេ គឺជា​របស់​អ្នកផ្សេង​។​

​សូមបញ្ជាក់ថា ក្រោយ​មានការ​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍ ឲ្យ​ថ្នាក់ដឹកនាំ​ជួយ​នោះ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ប្រជាពលរដ្ឋ នៅ​សហគមន៍​ភូមិ​ទំនប់ ជាង​១០០​គ្រួសារ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បានបង្ហាញ​ការ​សាទរ​យ៉ាងខ្លាំង នៅពេលដែល​អាជ្ញាធរ រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​បាន​ចុះទៅពិនិត្យ និង​ត្រៀម​វាយកម្ទេច​របង​សំណង់​រឹង​មួយកន្លែង ចោល​តែម្តង​ដើម្បី​ទុក​ធ្វើ​ផ្លូវ​សាធារណៈ សម្រាប់​ការធ្វើដំណើរ​។ សម្រាប់​ការជួយ​អន្តរាគមន៍ ជូន​ដល់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ខាងលើនេះ បានធ្វើ​ឡើង​ក្រោម​ការដឹកនាំ​របស់លោក ស៊ា សារិទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អភិបាលខណ្ឌ​លោក ប៉ិល កុសល ព្រមទាំង​មន្ត្រី​ជំនាញ​មួយចំនួនទៀត​។​

​សូមបញ្ជាក់ថា កាលពីពេល​កន្លងទៅ​ប្រជាពលរដ្ឋ នៅ​សហគមន៍​ភូមិ​ទំនប់ ជាង​១០០​គ្រួសារ បាននាំគ្នា​តវ៉ា​ប្រឆាំង​ចំពោះ​សំណង់​រឹង ដែល​បាន​សង់​រំលោភ​លើផ្លូវ​លេខ​១៩៧៤ ជាហេតុ​នាំ​ឲ្យ​ផ្លូវ​សាធារណៈ​កាន់តែ​រួម​តូច​ឡើងៗ ពិបាកធ្វើ​ដំណើរ ទើប​ពួកគាត់ បានស្នើ​សុំ​កិច្ច​អន្តរាគមន៍​ទៅដល់​រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក ជា សុផារ៉ា និង​អភិបាល រាជធានី​ភ្នំពេញ​តែម្តង​។​

​អាជ្ញាធរ​ខណ្ឌ​សែន​សុខ បាន​ប្រាប់ ឲ្យ​ដឹងថា សម្រាប់​សំណង់​រឹង នៅខាងមុខ​ផ្លូវ​នោះ គឺ​លោក​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ទៅ​អភិបាលខណ្ឌ ឲ្យ​ហៅ​ភាគី​ពាក់ព័ន្ធ ដើម្បី​ទៅ​ពិភាក្សាគ្នា​ឈានទៅដល់​ការ​វាយ​កម្ទេចចោល នៅពេល​ក្រោយ​។​​កាលពីពេល​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​រស់នៅ ក្នុង​សហ​គន៍​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍ ពី​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ជា​រដ្ឋមន្ត្រី​កណ្តាប់ដៃ​ដែក ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ដោះស្រាយ​ក្រោយ​មាន គេ​សង់​សំណង់​រឹង រំលោភ​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ពោលគឺ​ផ្លូវ​លេខ​១៩៧៤ ចាប់ពី​ផ្លូវ​លេខ​៥៩៨ ដល់​ផ្លូវ​លេខ​១០០៣​។ ប្រជាពលរដ្ឋ​ទាំងនេះ កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​ក៏ បាន​ប្តឹងទៅ​អភិបាល​រាជធានី​ភ្នំពេញឯកឧត្តម ប៉ា សុជាតិ​វង្ស ផងដែរ​ចំពោះ​ករណី​មួយ​នេះ រហូត​លោក​បាន ចេញ​លិខិត​មួយចំនួន ផ្ញើ​ទៅ​អភិបាលខណ្ឌ​ជំនាន់​លោក លី សា​វេត សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ ចុះទៅ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​

​ប៉ុន្តែ​លិខិត​ជាច្រើន​សន្លឹក​របស់​ឯក​ឧ​ត្ត​ម ប៉ា សុជា​វង្ស ហាក់​គ្មាន​តម្លៃ​គតិយុត្ត​នោះឡើយ សម្រាប់​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ ពោល​បាន​បណ្តែតបណ្តោយ​មានការ​សាងសង់ សំណង់​រឹង​រំលោភ​ចូល​ផ្លូវ​មួយ​នេះ ស្ទើរ​នៅតែ​សល់​មួយ​ចង្វា​ម ខណ​:​ដែល​ផ្លូវ​នេះ មាន​ទទឹង​រហូតដល់​១០​ម៉ែត្រ ហើយ​ជា​ផ្លូវ​សល់​តាំងពី​ដូនតា​របស់​ប្រជាពលរដ្ឋ យូរលង់​ណាស់​មកហើយ​។​

​តំណាង​ប្រជាពលរដ្ឋ​ម្នាក់ បាន​និយាយថា «​ផ្លូវ​នេះ នៅក្នុង​ប្លង់​មាន​ទទឹង​ប្រមាណ​១០​ម៉ែត្រ តែ​ក្នុងស្ថានភាព​បច្ចុប្បន្ននេះ កន្លែង​ខ្លះ​មាន​ទទឹង​ប្រហែល​២​ម៉ែត្រ កន្លែង​ខ្លះ​៧​ម៉ែត្រ និង​កន្លែង​ខ្លះ​បិទ​ទាំ​ស្រុង​តែម្ដង​នេះ ក៏​ព្រោះតែ​គេ​សង់​សំណង់​រឹង មួយថ្ងៃ​ទៅមួយថ្ងៃ រំលោភ​លើផ្លូវ តែ​រឿងនេះ គ្មាន​អាជ្ញាធរ​ដោះស្រាយ​នោះទេ បើទោះបី អភិបាល​រាជធានី បានចេញ​លិខិត​បង្គាប់ការ​ទៅ​អភិបាលខណ្ឌ​មុន និង​មន្ត្រី​ពាក់ព័ន្ធ ដោះស្រាយ​ក៏ដោយ​»៕

ចំនួនអ្នកទស្សនា

    20516167

  • ថ្ងៃនេះ8681
  • ម្សិលមិញ15191
  • សប្តាហ៍នេះ51831
  • ខែនេះ73711
  • ឆ្នាំនេះ73711
  • សរុប20516167