ព្រៃវែង៖ នាព្រឹកថ្ងៃទី២២-ខែមិថុនាឆ្នាំ២០១៦លោកម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល បានចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំបើកការដ្ឋានជួសជុលផ្លូវលំដីស ប្រវែង ២០៦០ម និង ដាក់លូ ៣កន្លែង ស្ថិតនៅក្នុងភូមិ ព្រៃដើមថ្នឹងទី១ និង ទី២ ឃុំព្រៃដើមថ្នឹងនិង ដាក់លូមួយកន្លែង របស់មូលនិធិឃុំ ។..
ពិធីបើកការដ្ឋាន ជួសជុលផ្លូវដីសនេះមានវត្តមានចូលរួមពីលោកនួន ថូ សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីសាលាស្រុក ការិយាល័យជំនាញ មន្ត្រីផអ៣ ទីប្រឹក្សាគម្រោង មន្ត្រីបច្ចេកទេស ក្រុមប្រឹក្សាឃុំ កងកម្លាំង ប្រដាប់អាវុធ មេភូមិ និងតំណាងប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីគម្រោងជាច្រើននាក់ផងដែរ។
បន្ទាប់ពីលោកមេឃុំព្រៃដើមថ្នឹង បានធ្វើរបាយការណ៍សកម្មភាពស្ដីអំពី ការអនុវត្តន៍សាងសង់ផ្លូវដីស ប្រវែហ៤គម ដែលប្រើប្រាស់មូលនិធិឃុំឆ្នាំ២០១៦និងមូលនិធិបដិភាគពីប្រជាពលរដ្ឋ និងដាក់ដេញថ្លៃនៅសាលាស្រុកនាពេលកន្លងមក ក្រោមកិច្ចសហការជាមួយមន្ត្រីស្រុក ខេត្តនិងក្រុមប្រឹក្សាឃុំ គឺគណៈកម្មាធិការលទ្ធកម្មបានជ្រើសរើសអ្នកទទួលការ ដើម្បីអនុវត្តន៍លើគម្រោងផ្លូវនេះ តាមបទដ្ឋាននិងគំនូសប្លង់បច្ចេកទេសលំអិត និងមានការត្រួតពិនិត្យតាមដានបច្ចេកទេសពីមន្ត្រីស្រុក ខេត្ត ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ។
នាឱកកាសនោះលោកម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាលបានមានមតិ និងសម្ដែងនូវក្ដីរីករាយ ចំពោះសមិទ្ធផលដែលសម្រេចបានរបស់ក្រុមប្រឹក្សាតាមនយោបាយកំណែទម្រង់ ដែលមូលនិធិអភិវឌ្ឍន៍គម្រោងតាមឆ្នាំថវិកាឃុំរបស់រាជរដ្ឋាភិបាលតាម ផែនការវិនិយោគរបស់មូលដ្ឋានដែលបានលើកឡើង តាមបែបវិមជ្ឈការនៅថ្នាក់មូលដ្ឋាន ថ្នាក់ក្រោមជាតិ និងគាំទ្រដោយ មន្ត្រីគ្រប់អង្គភាពដែលពាក់ព័ន្ធ (គជអប) លោកអភិបាលក៏សំណូមពរដល់អ្នកទទួលការត្រូវគោរពតាមលក្ខខណ្ឌនៃ កិច្ចសន្យា គំនូសប្លង់ត្រឹមត្រូវបច្ចេកទេស ហើយថ្នាក់ឃុំនិងប្រជាពលរដ្ឋត្រូវបង្កើនការតាមដានត្រួតពិនិត្យ លើការដ្ឋាន ដើម្បីបង្កើនការយកចិត្តតុកដាក់និងការធានាគុណភាពនូវគម្រោង ប្រើប្រាស់បានយូរអង្វែង មុនធ្វើការទូទាត់ប្រាក់ជុនអ្នកទទួលការត្រូវធ្វើការប្រជុំសម្រេច ជាមួយក្រុមប្រឹក្សាឃុំ និងមានការចូលរួមពីប្រជាពលរដ្ឋដែលជាតំណាងអ្នកទទួលផង ដែរ មិនមែនចេះតែសម្រេចខុសតាមគោលការណ៍នែនាំខ្លឹមសារនៃសៀវភៅភីមនៃ ការអនុវត្តន៍គម្រោងមូលនិធិឃុំសង្កាត់ឡើយ៕