ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ លោក នុត ពុធដារ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានប្រកាសបន្តផ្តល់ប្រាក់រង្វាន់ លើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដែលមានស្នាដៃក្នុងការបង្ក្រាបបានបទល្មើស នៅក្នុងមូលដ្ឋានខណ្ឌដង្កោនា កិច្ចប្រជុំប្រចាំខែរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដោយមានការចូលរួមពីលោកអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ការិយាល័យចំណុះជំនាញនានា ចៅសង្កាត់ ស្មៀន មេភូមិ និងលោក លោកស្រី ជានាយកសាលា ទាំងអស់ ក្នុងខណ្ឌជាច្រើននាក់ផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ លោក នុត ពុធដារ៉ា បានប្រកាសបន្តផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើស នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ដែលព្យាយាម យកអស់កម្លាំងកាយចិត្ត ពេលវេលា និងស្មារតី ខិតខំព្យាយាមបង្ក្រាបបទល្មើសដែលកើតមានក្នុងមូលដ្ឋាន។ ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក៏បានណែនាំអំពីការងារសំខាន់ៗមួយចំនួន ដើម្បីឲ្យអង្គប្រជុំអនុវត្ត៖
- សូមឲ្យអាជ្ញាធរ ភូមិ សង្កាត់ ប៉ុស្តិ៍ អធិការដ្ឋាននគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ រួមគ្នាលុបបំបាត់ឲ្យបាននូវរាល់បញ្ហាល្បែងស៊ីសងនានា ក្នុងមូលដ្ឋាន កុំឲ្យកើតមាន និងទប់ស្កាត់បទល្មើសគ្រឿងញៀន ឲ្យបានតឹងរ៉ឹង តាមគ្រប់រូបភាព ទាំងការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន។
- ពង្រឹងការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព ទាំង៩ចំណុច និងការធ្វើវេទិកាសាធារណៈឲ្យបានទៀងទាត់ ដើម្បីទទួលយកសំណើសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋយកមកដោះស្រាយបានទាន់ពេលវេលា។
- យកចិត្តទុកដាក់បម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឲ្យបាន លឿន និងមានតម្លាភាព។
- បន្តយកចិត្តទុកដាក់ក្នុងការស្រង់ស្ថិតិប្រជាពលរដ្ឋ នៅតាមភូមិ សង្កាត់ឲ្យបានឆាប់រហ័ស។
- បន្តពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ប្រឡាយ និងអនាម័យបរិស្ថាន នៅមូលដ្ឋាន
ក្នុងឱកាសនោះផងដែរ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក៏បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនដល់អធិការដ្ឋាននគរបាលខណ្ឌ ដែលមានស្នាដៃល្អក្នុងការបង្ក្រាបបទល្មើសចំនួន ០២ករណី ថវិកាចំនួន ១,២០០,០០០រៀល៕