មន្ត្រី​ជំនាញ​របស់​ក្រសួង​រ៉ែ ចុះទៅពិនិត្យ​ទីតាំង​ជាក់ស្តែង អាជីវកម្ម​បូម​ខ្សាច់​, មិន​ដូច​ការលើកឡើង​របស់​ពលរដ្ឋ

25-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ក្រោយ​មានការ​ចុះផ្សាយ​ព័ត៌មាន ស្តីពី​ការលើកឡើង​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​សិស្សានុសិស្ស រស់នៅ​ទឹកដី​ខណ្ឌឫស្សីកែវ ពី​ផលប៉ះពាល់​នៃ​ទីតាំង​អាជីវកម្ម​បូម​ខ្សាច់ ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ គ្រី យ៉ា នោះ​ភ្លាមៗ នៅ​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ មន្ត្រី​ជំនាញ​មួយក្រុម​របស់​ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះទៅ​ទីតាំង​នោះ​តែម្តង ដើម្បី​ពិនិត្យមើល​ជាក់ស្តែង ព្រមទាំង​ជួយ​រក​ដំណោះស្រាយ កុំ​ឲ្យ​មាន​ផលប៉ះពាល់​តទៅទៀត​។​

​តែ​ក្រោយ​ពិនិត្យ​ជាក់ស្តែង​ចំពោះ​ដំណើរការ​អាជីវកម្ម​រួចមក ក្រុមមន្ត្រី​ទាំងនេះ បាន​រកឃើញថា មិន​ពិត​ដូច​ការលើកឡើង របស់​ប្រជាពលរដ្ឋ​នោះឡើយ បើទោះជា​នៅមាន​បញ្ហា​តិចតួច​ដែល​តម្រូវ​ឲ្យ​មានការ​រៀបចំ និង​កែសម្រួល​ជាថ្មី​នោះ​។​​សូមបញ្ជាក់ថា នៅ​ព្រឹក​មិញ មាន​ព័ត៌មាន​ថា មាន​ឈ្មួញរ​កស៊ី​បូម​ខ្សាច់​លក់​ម្នាក់​ឈ្មោះ គ្រី យ៉ា ប្រចាំ​នៅ​ទឹកដី​ខណ្ឌឫស្សីកែវ ដែល​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​ទន្លេ​ដ៏​ធំ មាន​រថយន្ដ​តូចធំ ដឹក​ដី ដឹក​ខ្សាច់​ទៅ មក​ឥត ឈប់ឈរ​មួយថ្ងៃៗ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ច្រកចូល​សាលា​វិទ្យាល័យ ជា សី​ុ​ម ចំរើន​រដ្ឋ ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់ នៅ​ទីតាំង​ក្បែរ ដេប៉ូ​បូម​ខ្សាច់ ព្រមទាំង​សិស្ស​វិទ្យាល័យ បាន​សម្ដែង​នូវ​ការមិន​ពេញចិត្ត និង​រិះគន់​ចំៗ​ចំពោះ​អាជីវកម្ម​បូម​ខ្សាច់​របស់លោក​យ៉ាងខ្លាំង ដោយសារតែ រាល់​ការ​បូម​ខ្សាច់​ម្ដងៗ បណ្ដាល​ឲ្យ​ទឹក​ហូរ​ចូល​លំនៅដ្ឋាន​របស់​ពួកគាត់​។​

​លោក ឌិ​ត ទីណា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់ នៅ​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ថា «​តែ​ក្រោយពី​ពិនិត្យ​ជាក់ស្តែង​ចំពោះ​ដំណើរការ​អាជីវកម្ម​រួចមក ក្រុមមន្ត្រី​បានបញ្ជាក់​ថា មិន​ពិត​ដូច​ការលើកឡើង​របស់​ប្រជាពលរដ្ឋ នៅក្នុង​សារព័ត៌មាន​នោះទេ  ព្រោះ​ទីតាំង​អាជីវកម្ម​នេះ​ជាទី​តាំង​មាន​របង​ថ្ម​ព័ទ្ធ​សងខាង ហើយ​មាន​ធ្វើ​ប្រព័ន្ធ​បង្ហូរទឹក​ត្រឹមត្រូវ ហើយ​ប្រជាពលរដ្ឋ​ក៏បាន​បញ្ជាក់ជូន​ដែរ​ថា មិនមាន​ផលប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ ។​ជាងនេះទៅទៀត យើងខ្ញុំ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​ចៅសង្កាត់​ស្វាយប៉ាក​ដែរ លោក​បាន​បញ្ជាក់ថា​ដេប៉ូ​នេះ​មិនមាន​ផលប៉ះពាល់​អី ដល់​អ្នករស់នៅ​ជុំវិញ​នោះទេ ហើយ​គាត់​បាន​ជួយ​ដល់​ភូមិ និង​ជួយ​ធ្វើ​លូ​នៅតាម​ផ្លួ​វ​ច្រើន ហើយ​បើ​មាន​នោះ​ខ្ញុំ​សំ​ុ​ឲ្យ​បិត​ភ្លាម តែ​ទោះជា​យ៉ាងណាក៏ដោយ វា​នៅមាន​តិចតួច គឺមាន​ខ្សាច់​ជ្រុះ​លើផ្លូវ​តែ​ម្ចាស់​ដេប៉ូ​មាន​ដាក់​បុគ្គលិក​បាញ់​ទឹក បោសសំអាត​ជាប្រចាំ ហើយ​ម្យ៉ាងទៀត​នៅ​ផ្លូវ​នេះ​មាន​ដេប៉ូ​បែបនេះ​ចំនួន​បី​អញ្ចឹង​ហើយ​មាន​ឡាន​ដឹក​ចេញចូល​ច្រើន​»​។​

​លោក ឌិ​ត ទីណា បានបញ្ជាក់​ទៀតថា «​យ៉ាងណាក៏ដោយ ក្រុមការងារ​បាន​ទុកពេល​ឲ្យ​ម្ចាស់​អាជីវកម្ម​ចំនួន​ពីរ​សប្តាហ៍ ដើម្បី​កែតម្រូវ​បច្ចេកទេស​ឲ្យ​កាន់​ល្អប្រសើរ​ជាងនេះទៅទៀត ក្រៅពី​ប្រព​ន្ធ័​បង្ហូរទឹក នៅ​ជុំវិញ​ទីធ្លា ត្រូវមាន​ស្ថានីយ៍​លាង​កង់ឡាន ឫ ប្រព័ន្ធ​ទឹក​សំរាប់​បាញ់​លាង​កង់ឡាន មុននឹង​ចេញពី​ទីតាំង​ដាក់​ខ្សាច់​»​។​
​លោក ឌិ​ត ទីណា បាន​បញ្ជាក់ថា ខាង​ម្ចាស់​អាជីវកម្ម មានការ​រៀបចំ​ប្រព័ន្ធ​លូ​ត្រឹមត្រូវ ដើម្បី​បង្ហូរទឹក​ចេញ នៅពេល​បូម​ម្តងៗ​នោះ តែ​យ៉ាងណាក៏ដោយ​លោក​ថា នៅមាន​ចំណុច​ខ្វះខាត​បន្តិចបន្តួច ដែល​ក្រុមការងារ ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម ធ្វើការ​កែសម្រួល​ឡើងវិញ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​ជាពិសេស​នោះ គឺ​ជះ​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ នៅរស់​នៅក្បែរ​ទីតាំង​តែម្តង​។​

​ជាការ​ឆ្លើយតប​ខាង​ម្ចាស់​ទីតាំង​អាជីវកម្ម​បូម​ខ្សាច់​មួយ​នេះ បាន​ទទួលយក ហើយ​យល់ព្រម​ធ្វើការ​រៀបចំ បញ្ហា​បច្ចេកទេស​របស់ខ្លួន កាន់តែ​ល្អប្រសើរ​ឡើង តប​តាម​ការចង់បាន​របស់​មន្ត្រី​ជំនាញ​៕

ចំនួនអ្នកទស្សនា

    20213637

  • ថ្ងៃនេះ2971
  • ម្សិលមិញ2931
  • សប្តាហ៍នេះ15161
  • ខែនេះ2971
  • ឆ្នាំនេះ986191
  • សរុប20213637