កំពង់ឆ្នាំង៖មន្ត្រីអាជ្ញាធរខេត្ត កំពង់ឆ្នាំងដឹកនាំដោយលោកស៊ុន សុវណ្ណារិទ្ធអភិបាលរងខេត្តកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ បានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់ការលក់ដូរអាណាធិបតេយ្យ នៅលើផ្លូវជុំវិញផ្សារលើដែលជាផ្សារមួយជាងគេស្ថិតនៅចំកណ្តាលក្រុង កំពង់ឆ្នាំង ។
ការចុះរៀបចំនេះមន្ត្រីអាជ្ញាធរបានប្រើ វិធានការក្តៅ ដោយសម្រេចរឹបអូសនូវសម្ភារ:មួយចំនួនដូចជាទូរលក់ទូរស័ព្ទ ដែលដាក់តាំងនៅចំកណ្តាលផ្លូវបង្ករភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ បង្ករការកកស្ទះនិងបាត់បង់សោភ័ណ្ឌភាពផងដែរ។
ប៉ុន្តែ សកម្មភាពនេះមិនមានការប៉ះទង្គិចគ្នារវាងអាជីវករនិងសមត្ថកិច្ចឡើយ ។គេសង្កេតឃើញថា ក្នុងរយ:ពេលកន្លងទៅនេះ ការលក់ដូរនៅលើផ្លូវជុំវិញផ្សារលើខេត្តកំពង់ឆ្នាំងមានចំនួនកើនឡើងជា បន្តរបន្ទាប់ធ្វើឲ្យផ្លូវទាំងមូលក្លាយទៅជាកន្លែងលក់ដូររញ៉េរញ៉ៃ គ្មានសណ្តាប់ និង បានធ្វើឲ្យបាត់បង់នូវសោភ័ណ្ឌផងដែរ ។ រីឯថៅកែផ្សារមិនខ្ចីខ្វល់ដឹងតែពីប្រមូលលុយភាស៊ី ចង់អ្នកណាលក់អីលក់ទៅ សំខាន់មានអ្នកលក់ច្រើនលុយភាស៊ីក៍បានច្រើនដែរ ។
ក្រោយពី មានសារព័ត៌មានចុះផ្សាយរិះគន់ជាបន្តបន្ទាប់ គេឃើញមន្ត្រីអាជ្ញាធរបានចុះទៅរៀបចំខ្លះៗដែរ តែមិនមានប្រសិទ្ធភាពឡើយ ។ ការចុះទៅលើកនេះប្រើដៃធ្ងន់ជាងមុនបន្តិចតែមិនសង្ឃឹមថាមាន ប្រសិទ្ធភាពទេ។ពីព្រោះការធ្វើគួរធ្វើជាទូទៅមិនមែនធ្វើមួយកន្លែង ពីរកន្លែងនោះឡើយ។ករណីនេះត្រូវបានមន្ត្រីអាជ្ញាធរបញ្ជាក់ថាគេធ្វើ កន្លែងធំៗជាគំរូមុនសិនហើយនឹងចុះធ្វើជាបន្តបន្ទាប់ទៀត ៕