ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់ថវិកាលើកទឹកចិត្តចំនួន១,២លានរៀល ដល់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបានបង្ក្រាបចាប់មុខសញ្ញាក្នុង ករណីឃាតកម្មចាក់សម្លាប់ស្ត្រីយោធាម្នាក់ ក្រោយពេលកើតហេតុរយៈពេល៤៨ម៉ោង។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យកិច្ចប្រតិបត្តិការ ការងារប្រចាំខែមិថុនា និងលើកទិសដៅការងារសំរាប់ខែកក្កដា ឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក ដោយមានការចូលរួមពីលោកអធិការរង នាយផ្នែក នាយប៉ុស្តិ៍ នាយរងផ្នែក នាយរងប៉ុស្តិ៍ទទួលការងារស្ថិតិ និងព្រហ្មទណ្ឌទាំងអស់។
នៅក្នុងកិច្ចប្រជុំនេះ លោក ហ៊ុន សុធី បានលើកបទពិសោធន៍ និងការសរសើរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ផ្នែកជំនាញ និងប៉ុស្តិ៍ក្រោមការបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ស្នងការ នគរបាលរាជធានីភ្នំពេញ ក្នុងការងារស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងចាប់បានជនល្មើសចាក់សម្លាប់ស្ត្រីរងគ្រោះនៅសង្កាត់ផ្សារដេប៉ូ១ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។
លោកអធិការបានថ្លែងថា «ចំពោះស្នាដៃនេះ នាយឧត្តមសេនីយ៍ស្នងការ ក៏បានប្រគល់ថវិកាចំនួន១លាន២សែនរៀល ដែលជាថវិកាលើកទឹកចិត្ត ខ្ញុំជូនដល់ផ្នែកជំនាញ និងប៉ុស្តិ៍ផងដែរ»។
ជាមួយគ្នានេះលោក ហ៊ុន សុធី បានជំរុញការសហការជាមួយអាជ្ញាធរ ភូមិ-សង្កាត់ក្នុងការចុះធ្វើបច្ចុប្បន្នភាព ស្រង់ស្ថិតិប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបន្តជំរុញការចុះផ្សព្វផ្សាយតាមមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋ បានមកបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា។ លោកក៏ជំរុញឲ្យតាមបណ្តាប៉ុស្តិ៍យកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបការចែកចាយជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងមូលដ្ឋាន ពិសេសក្នុងតំបន់រោងចក្រឆ្នាំងផងដែរ៕