រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ មិថុនា ២០១៦ នេះសាលាសង្កាត់ក្រាំងធ្នង់ បានធ្វើពិធីបើកការដ្ឋានជួសជុល ផ្លូវ១ខ្សែប្រវែង៤០០ម៉ែត្រ គុណ៧ម៉ែត្រ លេខ១០៥K ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានសាលាខណ្ឌសែនសុខ ក្រោមវត្តមានអធិបតីភាពរបស់លោកប៉ឹល កុសល អភិបាលខណ្ឌសែនសុខ ។
ពិធីនេះនិងមានការចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរង លោក នាយករង ការិ.ចំណុះជំនាញជុំវិញខណ្ឌ ព្រមទាំងប្រជាពលរដ្ឋសរុប ២៥១នាក់ផងដែរ ។
យោងតាមរបាយការណ៍របស់សាលាខណ្ឌបានឲ្យដឹងផងដែរថា៖ការជួសជុលផ្លូវមួយ ខ្សែនេះ នឹងត្រូវចំណាយថវិកាអស់ជាង៤៥៨លានរៀល ដែលជាគម្រោងអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០១៦ របស់សាលាខណ្ឌសែនសុខ ។ មួយវិញទៀត គឺដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ កុំឱ្យមានកកស្ទះចរាចរណ៍ចេញពីចំណុចមហាវិថីសហព័ន្ធរុស្ស៊ីមក ។
ថ្លែងក្នុង ពិធីនោះ ដែរ លោកប៉ឹល កុសល អភិបាលខណ្ឌក៏បានណែនាំ និងផ្តាំផ្ញើដល់ក្រុមហ៊ុនធ្វើការជួសជុលនេះ ត្រូវធ្វើយ៉ាងណាឱ្យបានឆាប់រហ័ស និងត្រូវតែមានគុណភាព ។ ដោយឡែក លំនៅឋានប្រជាពលរដ្ឋខ្លះ ដែលកំពុងប៉ះពាល់នោះ ត្រូវលោកអភិបាលខណ្ឌ ទុកពេលចំនួន១ខែ ដើម្បីឱ្យម្ចាស់ទីតាំងរុះរើចេញ តាមដែលអាចធ្វើបាន ។
លោកក៏បានលើកឡើង តាមបែបវិមជ្ឈការនៅថ្នាក់មូលដ្ឋាន ថ្នាក់ក្រោមជាតិ និងគាំទ្រដោយ មន្ត្រីគ្រប់អង្គភាពដែលពាក់ព័ន្ធ (គជអប) លោកអភិបាលក៏សំណូមពរដល់អ្នកទទួលការត្រូវគោរពតាមលក្ខខណ្ឌនៃ កិច្ចសន្យា គំនូសប្លង់ត្រឹមត្រូវបច្ចេកទេស ហើយថ្នាក់ឃុំនិងប្រជាពលរដ្ឋត្រូវបង្កើនការតាមដានត្រួតពិនិត្យ លើការដ្ឋាន ដើម្បីបង្កើនការយកចិត្តតុកដាក់និងការធានាគុណភាពនូវគម្រោង ប្រើប្រាស់បានយូរអង្វែង មុនធ្វើការទូទាត់ប្រាក់ជុនអ្នកទទួលការត្រូវធ្វើការប្រជុំសម្រេច ជាមួយក្រុមប្រឹក្សាសង្កាត់ និងមានការចូលរួមពីប្រជាពលរដ្ឋដែលជាតំណាងអ្នកទទួលផង ដែរ មិនមែនចេះតែសម្រេចខុសតាមគោលការណ៍នែនាំខ្លឹមសារនៃសៀវភៅភីមនៃ ការអនុវត្តន៍គម្រោងមូលនិធិឃុំសង្កាត់ឡើយ៕