ភ្នំពេញ៖កាលពីថ្ងៃទី១ខែកក្កដាឆ្នាំ ២០១៦អាជ្ញាធរខណ្ឌឫស្សីកែវសហការជាមួយកម្លាំងនគរបាលខណ្ឌបានចុះ រៀបចំសណ្តាប់ធ្នាប់និងឃាត់រថយន្តធុនធំដែលបានចតនៅចិញ្ចើម ផ្លូវជាតិលេខ៥យកទៅធ្វើការអប់រំ។ក្នុងនោះរថយន្តកុងតឺន័រក្រុមហ៊ុន ព្រះអាទិត្យដឹកសម្ភារ:ក្រុមហ៊ុនកូកាកូឡាបង្កការកកស្ទះចរាចរណ៍ យ៉ាងខ្លាំងត្រូវអធិការខណ្ឌឫស្សីកែវហៅមកធ្វើកិច្ចសន្យាភ្លាមៗ ក្រោយពីបានឈប់រថយន្តលើចិញ្ចើមផ្លូវយ៉ាងអនាធិបតេយ្យតាមបណ្តោយ ផ្លូវជាតិលេខ៥កន្លងមក។
លោកទៀងច័ន្ទសារអធិការនគរបាលខណ្ឌ ឫស្សីកែវបានបញ្ជាឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ហៅអ្នកបើករថយន្ដចំនួន៤ នាក់រួមជាមួយតំណាងក្រុមហ៊ុនភេសជ្ជៈកូកាកូឡាម្នាក់ ដើម្បីណែនាំ និងធ្វើកិច្ចសន្យាភ្លាមៗ បន្ទាប់ពីអ្នកបើករថយន្ត ទាំងនេះ បានបើករថយន្ដកុងតឺន័រ៤គ្រឿង ដែលរបស់ក្រុមហ៊ុនព្រះអាទិត្យដឹកសម្ភារផ្សេងៗ បានធ្វើឲ្យកកស្ទះផ្លូវយ៉ាងខ្លាំងដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ។
រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន ព្រះអាទិត្យ ដែលដឹកសម្ភារ:ឲ្យក្រុមហ៊ុនកូកាកូឡា មកឈប់ចតបញ្ច្រាសទិស ធ្វើឲ្យមានការកកស្ទះ ចរាចរណ៍ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវសាធារណៈ។ ការបញ្ជាឲ្យហៅអ្នកបើករថយន្តកុងតឺន័រទាំង៤នាក់ និងតំណាងក្រុមហ៊ុនកូកាកូឡាម្នាក់ មកណែនាំ និងធ្វើកិច្ចសន្យានេះ ត្រូវបានអនុវត្តន៍ធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចទល់មុខក្រុមហ៊ុនភេសជ្ជៈកូកាកូឡា តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
លោក ទៀង ច័ន្ទសារ បានបញ្ជាក់ថា ការអញ្ជើញតៃកុងរថយន្ដ និងតំណាងក្រុមកូកាកូឡា មកណែនាំ និងធ្វើកិច្ចសន្យា នេះគឺមិនមែនជាលើកទី១ទេ ដែលសមត្ថកិច្ចយើង បានធ្វើការណែនាំនោះ។ ប៉ុន្តែតៃកុងរថយន្ដក៏ដូចជាតំណាងក្រុមហ៊ុន កូកាកូឡា នៅតែគឃ្លើនមិនព្រម ស្ដាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចឡើយ។ ដោយបានបើករថយន្ដកុងតឺន័រធំៗដឹកសម្ភារ: ផ្សេងៗមកឲ្យក្រុមហ៊ុនកូកាកូឡា ឈប់ចតបញ្ច្រាស់ទិសយ៉ាងអនាធិប្បតេយ្យបណ្ដាលឲ្យមាន ការកកស្ទះចរាចរណ៍ ស្ទើរៀងរាល់ថ្ងៃ នៅខាងមុខក្រុមហ៊ុនកូកាកូឡាតែម្ដង។
លោក អធិការបានបញ្ជាក់ទៀតថា ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លង កាត់ទៅមកមាន ភាពងាយស្រួលនោះ សមត្ថកិច្ចយើងចាំបាច់ត្រូវអនុវត្តន៍ដោយហៅ តៃកុងរថយន្ដទាំងនោះ និងតំណាងក្រុមមកធ្វើកិច្ចសន្យាភ្លាមៗ ឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពក្នុងការ បើករថយន្ដមកឈប់ចត ទាំងបញ្ច្រាសទិស និងស្របទិសលើដងផ្លូវសាធារណៈដែលបង្កជាហានិភ័យដល់អ្នកធ្វើដំណើរតាម ដងផ្លូវ។
លោកអធិការបានបន្តថា ក្រោយបញ្ចប់កិច្ចសន្យារវាងលោក ស្រី លឹម លីណា ដែលជាតំណាងក្រុមហ៊ុនកូកាកូឡារួម និងតៃកុងរថយន្ដ កុងតាន័រ៤នាក់ទៀត ពួកគេបានសន្យាបញ្ឈប់រាល់ការយករថយន្ដមកឈប់ចតយ៉ាងអនាធិប្បតេយ្យ បែបនេះទៀតនោះហើយបើនៅតែ មាននោះ សមត្ថកិច្ចយើង នឹងចាត់វិធានការតាមផ្លូវពុំខានដោយមិនទទួលខុសត្រូវរាល់ការខូចខាត សម្ភារ:ផ្សេងៗឡើយ៕