ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២ កក្កដា ២០១៦នេះ នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានរៀបចំពិធីរំលឹកខួបលើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា អញ្ជើញជាគណៈអធិបតីពីសំណាក់លោកលឹម សៀងហេង ប្រធានសមាគមយុវជនកម្ពុជាក្រុងបាវិត និងជាអនុធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រៃអង្គុញ និងសមាជិកសមាជិការបក្សចំនួន១១៥នាក់ ។
បន្ទាប់ពីលោកខាំ រឿន ប្រធានគណបក្ស សង្កាត់ព្រៃអង្គុញ អានសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពីមិទ្ទិញ រំលឹកខួបលើកទី៦៥ រួចមក លោកលឹម សៀងហេង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មានអាយុ៦៥ឆ្នាំហើយ បានធ្វើការដើម្បីបម្រើផលប្រយោជន៍ប្រជាជន រួមសុខរួមទុក្ខ ជាមួយប្រជាជន និងបានដឹកនាំអភិវឌ្ឍន៍សង្គមជាតិឲ្យបានរីកចម្រើនលើគ្រប់វិសយ័ ។
លោក លឹម សៀងហេង ក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំក្រុមបក្ស ជម្រុញឲ្យប្រជាពលរដ្ឋក្នុងសង្កាត់ព្រៃអង្គុញទាំងអស់ ទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា និងត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ១៧ខាងមុខនេះទាំងអស់គ្នា ។ បើយើងគ្មានអត្តសញ្ញាណប័ណ្ណ
សញ្ជាតិ ខ្មែរគំរូថ្មីនេះទេ យើងមិនអាចទៅចុះឈ្មោះបោះឆ្នោតបានទេ ដូច្នេះត្រូវតែទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ឲ្យទាន់ពេលមុនការចុះឈ្មោះបោះឆ្នោតមកដល់។
លោកលឹម សៀងហេង ក៏បានផ្តាំផ្ញើដល់សមាជិកសមាជិការទាំងអស់ជួយអប់រំកូន ក្មួយកុំឲ្យបើកបរយានយន្ត ល្បឿនលឿននាំឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរបួសឬស្លាប់ យើងត្រូវតែចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា សុវត្តិភាពចរាចរណ៍នាំមកនូវសុវត្តិភាពគ្រួសារ និងសង្គម៕