ភ្នំពេញ ៖ ខណៈប្រជាពលរដ្ឋមានការកើនឡើងកាន់តែច្រើន សាលារាជធានីភ្នំពេញ គ្រោងបំបែកសង្កាត់ចំនួន៩បន្ថែមទៀត ដើម្បីធានាការគ្រប់គ្រង និងផ្តល់សេវាជូនពលរដ្ឋឲ្យបានល្អប្រសើរ។
បើតាមគម្រោង អាជ្ញាធររាជធានីភ្នំពេញ គ្រោងបំបែកសង្កាត់ចំនួន៩បន្ថែមទៀត ឲ្យបានមុនពេលបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ត្រូវបានAKP ដកស្រង់ប្រសាសន៍ ដែលបានថ្លែងនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្នុងខ័ណ្ឌមានជ័យ កាលពីចុងខែ មិថុនា ឆ្នាំ២០១៦ ថាសាលារាជធានីភ្នំពេញ គ្រោងបំបែករដ្ឋបាលសង្កាត់បន្ថែមចំនួន៩ទៀត ហើយការរៀបចំបែបបទ និងសំណើសុំបំបែកសង្កាត់ថ្មី នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ គឺកំពុងស្ថិតក្នុងដៃរបស់ក្រសួងមហាផ្ទៃ ដែលគ្រោងបញ្ជូនទៅប្រមុខរដ្ឋាភិបាល ដើម្បីអនុម័តឆាប់ៗនេះ។
ក្រៅពីបំបែកសង្កាត់ថ្មីនេះ សាលារាជធានីភ្នំពេញ ក៏គ្រោងបំបែកភូមិថ្មីចំនួន៣៧ ក្នុងខ័ណ្ឌ ចំនួន៤ រួមមាន៖ ខ័ណ្ឌសែនសុខ ខ័ណ្ឌមានជ័យ ខ័ណ្ឌឬស្សីកែវ និងខ័ណ្ឌពោធិ៍សែនជ័យ។ ការបំបែកសង្កាត់ និងភូមិថ្មី បន្ថែម នៅក្នុងរាជធានីភ្នំពេញនេះ ត្រូវបានអភិបាលរាជធានីភ្នំពេញរូបនេះ អះអាងថា ដោយសារសង្កាត់ដែលត្រូវបំបែកនោះ មានផ្ទៃដីធំ និងមានប្រជាជនច្រើន ដែលធ្វើឲ្យការអភិវឌ្ឍន៍នៅថ្នាក់សង្កាត់ពុំសូវមានតុល្យភាព និងគ្មានប្រសិទ្ធភាព។ «ក្នុងស្ថានភាពបែបនេះ បានបង្កបញ្ហាស្មុគស្មាញ ដូចជា បញ្ហាចោរកម្ម គ្រឿងញៀន និងបញ្ហាសន្តិសុខដែលមិនអាចឆ្លើយតបទាន់សភាពការណ៍ ពីព្រោះ មន្ត្រីរាជការ និងកម្លាំងសមត្ថភាពកិច្ច មិនសមាត្រទៅនឹងចំនួនប្រជាពលរដ្ឋ» នេះជាបញ្ជាក់របស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ចំនួនសង្កាត់នៅក្នុងរាធានីភ្នំពេញ មានចំនួន៩៦សង្កាត់ តែប្រសិនបើសាលារាជធានីភ្នំពេញ បង្កើតចំនួន៩សង្កាត់ទៀតនោះ រាជធានីភ្នំពេញភ្នំពេញ នឹងមានសង្កាត់ចំនួន១០៥សង្កាត់ ខណៈខ័ណ្ឌមានចំនួន១២ដដែល៕