កំពង់ចាម៖នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិទី១៣លើ ឃុំកោះសូទិនខេត្តកំពង់ចាម បានរៀបចំពិធីចែកអំណោយជូនបងប្អូនឥស្លាមចំនួន៤៥២គ្រួសារសំរាប់ស្រាយបួសនៅក្នុងខែរ៉ាម៉ាឌនដែលជាអំណោយរបស់អង្គការអភិវឌ្ឍន៍មូស្លិមកម្ពុជា សាខាស្រុកកោះសូទិន។
ពិធីចែកអំណោយជូនបងប្អូនឥស្លាមនេះស្ថិតក្រោមវត្តមាន អធិបតីភាព លោក ផេន សុផល អភិបាលស្រុកកោះសូទិននិងមានការចូលរួមដំណើរដោយលោកនាយកសាខាអង្គការអភិវឌ្ឍន៍មូស្លិមកម្ពុជា សាខាស្រុកកោះសូទិន លោកអភិបាលរងស្រុក កងកម្លាំងទាង៣ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និង បងប្អូនឥស្លាមចំនួន៤៥២គ្រួសារផងដែរ។
បន្ទាប់ពីលោកខៀវ វុត្ថា មេឃុំកោះសូទិន បានធ្វើរបាយការណ៍ជម្រាបជូនស្ថានភាព និងគោលបំណងនៃការចូលរួមបែងចែកផ្ដល់អំណោយរបស់អង្គការអភិវឌ្ឍន៍មូស្លិមកម្ពុជា សាខាស្រុកកោះសូទិនសំរាប់ស្រាយបួសនៅក្នុងខែរ៉ាម៉ាឌន រួចមក ។
នាឱកាសនោះ លោក ផេន សុផល អភិបាលស្រុកកោះសូទិនបានសម្ដែងនូវក្ដីត្រេកអរឥតឧបមានិងបានថ្លែងនូវអំណរគុណចំពោះអង្គការអភិវឌ្ឍន៍មូស្លិមកម្ពុជា សាខាស្រុកកោះសូទិនដែលបានចូលរួមការងារមនុស្សធម៌ ក្នុងសង្គម ដោះស្រាយទុក្ខលំបាកជូនបងប្អូនឥស្លាម និងចូលរួមអបអរពិធីស្រាយបួសនៅក្នុងខែរ៉ាម៉ាឌននៅពេលខាងមុខ ទង្វើទាងអស់ខាងលើជាទង្វើប្រកបដោយចិត្តសុទ្ធាជ្រះថ្លា របស់អង្គការ តាមយុទ្ធសាស្ត្រចតុកោណ របស់ថ្នាក់ដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ដោយមិនប្រកាន់ការរើសអើងជាតិសាសន៍ និងចូលរួមកិច្ចអភិវឌ្ឍន៍សង្គមប្រកបដោយប្រសិទ្ធភាព។
លើសពីនោះទៅទៀតលោកអភិបាលនិងក្រុមការងារអង្គការអភិវឌ្ឍន៍មូស្លិមកម្ពុជា សាខាស្រុកកោះសូទិនបានប្រគល់អំណោយនិងថវិកា មួយចំនួនដល់បងប្អូនឥស្លាមចំនួន៤៥២គ្រួសារសំរាប់ស្រាយបួសនៅក្នុងខែរ៉ាម៉ាឌនផងដែរ៕