ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយព្រះគ្រូព្រហ្មជោតោ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់ និងមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅជូនកុមារកំព្រា និងផ្ទុកមេរោគអេដស៍ ដែលកំពុងរស់ និងរៀនសូត្រ នៅក្នុងអង្គការគ្រួសារកុមារកំព្រាឈូករ័ត្ន ស្ថិតក្នុងសហគមន៍ជ័យជំនះ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។
ក្នុងឱកាសនោះ លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្អូនជាកុមារកំព្រា ផ្ទុកមេរោគអេដស៍ទាំងអស់ ព្រមទាំងផ្តាំផ្ញើឲ្យប្អូនៗទាំងអស់ខិតខំរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខនានា ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អក្នុងសង្គម និងមានអនាគតភ្លឺស្វាង។
អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនដល់អង្គការគ្រួសារកុមារកំព្រាឈូករ័ត្នមានអង្ករ ១៥០គីឡូក្រាម មី១១កេស ទឹកសុទ្ធ ទឹកក្រូច និងថវិកា ៥០ម៉ឺនរៀលផងដែរ៕