ភ្នំពេញ៖ តំណាងសាលារាជធានីភ្នំពេញ និង លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបេតយ្យ នឹងពិភាក្សាគ្នា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ស្អែកនេះ ពាក់ព័ន្ធនឹងរឿងរៀបចំធ្វើបាតុកម្ម ដើម្បីស្នើឲ្យដោះលែងសង្គមស៊ីវិល និង អគ្គលេខាធិការរងគ.ជ.ប ៥នាក់។ នេះបើតាម លោក លី ប៊ុនណារ៉ា អគ្គលេខាធិការគណបក្សសំបុកឃ្មុំសង្គមប្រជាធិបេតយ្យ ប្រាប់ នៅមុននេះបន្តិច។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ លោក ម៉ម សូណង់ដូ បានស្នើទៅសាលារាជធានីភ្នំពេញ ដើម្បីសុំធ្វើបាតុកម្ម ដោយសន្តិវិធី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ខាងមុខ ក្នុងគោលបំណង ដើម្បីសំណូមពរដល់អង្គភាពប្រឆាំងអំពើពុករលួយ ACU ដកពាក្យបណ្តឹង និងការចោទប្រកាន់ទៅលើមន្ត្រីអង្គការសង្គមស៊ីវិល ចំនួន៤នាក់ និង អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោតម្នាក់ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំខ្លួន បណ្តោះអាសន្ន នៅពន្ធនាគារ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បានឆ្លើយតបថា មិនទាន់សម្រេចនូវសំណើររបស់ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបេតយ្យ ដែលបានស្នើសុំធ្វើបាតុកម្ម ក៏ប៉ុន្ដែអាជ្ញាធរ បញ្ជាក់ថា គ្រោងនឹងជួបពិភាក្សាជាមួយ លោក ម៉ម សូណង់ដូ ក្នុងពេលឆាប់ៗខាងមុខ៕