រាជធានីភ្នំពេញ ៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានស្នើដល់គ្រប់អភិបាលខណ្ឌ ឲ្យពិនិត្យមើល និងរកទីតាំងសាធារណៈណាដែលអាចធ្វើសួនច្បារ និងមិនត្រូវចេះតែមានគំនិតនឹកឃើញតែរឿងធ្វើហ្គារ៉ាសសាំងនោះទេ ។ ឯកឧត្តមបានមានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី០៧ កក្កដា ២០១៦ ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ ជាមួយមន្ត្រីជំនាញក្រោមឱវាទរបស់ខ្លួន ដើម្បីត្រួតពិនិត្យការងារកែលម្អសួនច្បារមុខវត្តបទុម សួនច្បារចេនឡា សួនច្បារកុមារពោធិចិនតុង សួនច្បារវត្តភ្នំ និងសួនច្បារក្រមង៉ុយ ដែលសាលារាជធានីភ្នំពេញបាន និងកំពុងជួសជុល ហើយមានគម្រោងជួសជុលកែលម្អជាបន្តបន្ទាប់ទៀត។
ឯកឧត្តម ប៉ា សុជាតិវង្ស មានប្រសាសន៏ទៀតថា នៅប្រទេសគេ ថ្នាក់ដឹកនាំរបស់គេមានរហូតដល់វាយសំណង់ចោល ហើយជួលដីទាំងនោះដើម្បីធ្វើសួនច្បារសាធារណៈថែមទៀត ដោយហេតុថា សួនច្បារសាធារណៈនេះវាមិនត្រឹមតែបម្រើដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ជាកន្លែងហាត់ប្រាណ កន្លែងក្មេងរត់លេង និងធ្វើឲ្យបរិយាកាសក្នុងទីក្រុងកាន់តែប្រសើរឡើង ជាងនេះទៀតការបង្កើតសួនច្បារសាធារណៈនេះ ធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយជាខ្លាំង។ លោកបន្តថា សួនច្បារមុខវត្តបទុម ជាគម្រោងរួចនៅមុន បុណ្យអុំទូកនេះ ប៉ុន្តែសម្រាប់បង្គន់អនាម័យត្រូវជម្រុញឲ្យរួចរាល់ មុនបុណ្យភ្ជុំបិណ្ឌ ចំពោះការងារជួសជុលកែលម្អសួនច្បារទាំងអស់នេះ ដើម្បីបំពេញតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា សួនច្បារមុខវត្តបទុម មកដល់ពេលនេះ ស្ថាបនាបាន៦០% ក្នុងនោះបានរៀបចំកម្រាលថ្មក្រានីត៧០% ចាក់ក្រាលផ្លូវបេតុងបាន៧០% សាងសង់របង៦០% ជួសជុលស្ពត៦០% និងសាងសង់បន្ទប់អនាម័យបាន២០% តែសម្រាប់សួនច្បារចេនឡានឹងចាប់ផ្តើមកែលម្អជាបន្តបន្ទាប់នេះ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងធ្វើការកែលម្អសួនច្បារចំនួន៦៨កន្លែង ស្មើនឹង៦៩ហិកតា ដោយចាប់ផ្តើមពីភូមិសាស្ត្រខណ្ឌដូនពេញមុនគេ ហើយសួនច្បារ និងរមណីយដ្ឋានមួយចំនួនត្រូវបានជួសជុលកែលម្អដោយប្តូរទៅជាក្រាល ថ្មក្រានីតមានដូចជា សួនវិមានឯករាជ្យ រមណីយដ្ឋានវត្តភ្នំ និងសួនមុខវត្តបុទុមវត្តី ជាដើម ចំណែកសួនច្បារមួយចំនួនទៀត ដែលគ្រោង ធ្វើការកែលម្អមាន សួនច្បារចេនឡា សួនច្បារកុមារពោធិចិនតុង សួនច្បារកុមារវត្តភ្នំ និងសួនច្បារក្រមង៉ុយជាដើម ៕