ភ្នំពេញ៖នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតក្នុងវត្តព្រះពុទ្ធមានបុណ្យបានរៀបចំ ពិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ខណ្ឌ៧មករា ក្រោមការចូលរួមជាអធិបតីភាពពី លោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និង លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ ។
ពិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ និងមានការចូលរួមពីក្រុមការងារសាលាខណ្ឌ កងកម្លាំងនគរបាលក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ប្រជាការពារ ប្រធានការិយាល័យ ចំណុះសាលាខណ្ឌរួមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ថ្លែងទៅកាន់អង្គវេទិកានាឱកាសនោះ លោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករាបានលើកឡើងថា៖ប្រជាពលរដ្ឋចូលរួមស្តាប់ និងលើកឡើង ពីបញ្ហាផ្សេងៗ ទាក់ទងនិងសុវត្ថិភាពភូមិសង្កាត់ ដែលគេហៅថា ធ្វើការអនុវត្តន៍គោលការណ៍៩ចំណុច ស្តីអំពីភូមិ-សង្កាត់មានសុវត្ថិភាព មានជាអាទិ៍ដូចជា បញ្ហាគ្រឿងញៀន, បញ្ហាសន្តិសុខ, បញ្ហាការជួញដូរ, ចរាចរណ៍ និងបញ្ហាផ្សេងៗទៀត ដែលធ្លាប់បានលើកឡើងជារឿយៗក្នុងវេទិកា ក្នុងខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ។ ហើយខ្លឹមសារក្នុងការជួបនេះ ត្រូវបានប្រជាពលរដ្ឋលើកឡើង ហើយខ្វល់ភាគច្រើន គឺតែរឿងលូស្ទះ និងដើមឈើចាស់ៗអាចរលំជាយថាហេតុ ខណៈរដូវវស្សាបានចូលមកដល់។
ដោយឡែក លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ បានថ្លែងបន្តទៅកាន់អង្គវេទិកាពិគ្រោះយោបល់នេះថា ទាំងនេះគឺជាកង្វល់របស់ អាជ្ញាធរហើយ និងជាកង្វល់របស់សាលារាជធានីភ្នំពេញផងដែរ។ លោក ក៏ បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យនៃពាក្យគន្លឹះ២ គឺការផ្សព្វផ្សាយនិងការពិគ្រោះយោបល់ តាមរយៈការផ្សព្វផ្សាយរបស់រដ្ឋបាលខណ្ឌ បានបង្ហាញនូវតួនាទី ភារកិច្ច និងទំនាក់ទំនងការងារ របស់ក្រុមប្រឹក្សាខណ្ឌ និងគណៈអភិបាលខណ្ឌ ព្រមទាំងសមិទ្ធផល ដែលគណៈអភិបាលខណ្ឌសម្រេចបាន និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនការសកម្មភាពនាឆ្នាំកន្លងមក ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌ។
លោកអភិបាលបានថ្លែងបន្តថា «តាមរយៈការពិគ្រោះយោបល់អស់មួយព្រឹកនេះ ពួកយើងទាំងអស់គ្នា បានរកឃើញនូវបញ្ហាសំខាន់ៗ ជាអាទិភាពសម្រាប់ឲ្យ រដ្ឋបាលខណ្ឌយកទៅពិចារណា ធ្វើការកែទម្រង់ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខណ្ឌ ពិសេសប្រជាពលរដ្ឋក្រក្រី ក្នុងមូលដ្ឋានសង្កាត់ នៃខណ្ឌរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ»៕