លោកជា ពិសីនាំយកអំណោយប្រគល់ជូនគ្រួសាររងគ្រោះនៅសង្កាត់ច្រាំងចំរេះទី២

17-July-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ ប្រធាន​អនុសាខា​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា រួម​ដំណើរ ពី​លោកស្រី អាន ផល្លា ប្រធាន​សមាគមនារី​ខ​ណ្ឌ លោកស្រី លី រ៉ូ​ហ្សា​មី អភិបាលរងខណ្ឌ រួមទាំង​ចៅសង្កាត់ មេភូមិ ព្រមទាំង ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ជាច្រើន​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦​នេះ បាន​នាំយក​គ្រឿង ឧបភោគបរិភោគ និង​ថវិការ​មួយចំនួន របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ផ្ដល់ជូន​រួម និង​សាកសួរ​សុខ​ទុក​ចំពោះ​ប្រជាពលរដ្ឋ​ជា​ជន​ចាស់ជរា ពិការភាព និង​គ្រួសារ​ងាយ​រងគ្រោះ​៧​គ្រួសារ ដល់​លំនៅដ្ឋាន ស្ថិតនៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ​។​

​នាឱកាស​នោះ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បានលើកឡើង ពី​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខ​ទុក​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​លោក​ទាំង​២​តែងតែ មើលឃើញ ពី​សុខ​ទុក និង​ការរស់នៅ របស់​ប្រជាជន​កម្ពុជា​ជានិច្ច​ជា​កាល ដោយ​មិន​ប្រកាន់​និន្នាកា​នយោបាយ​ឡើយ​។​

​លោក ជា ពិសី បាន​ថ្លែងបន្ដថា «​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ គឺជា​ថ្ងៃ​បោះ​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់ ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ចាំបាច់​ត្រូវ​ស្គាល់​ចៅសង្កាត់​ឲ្យ​បាន​ច្បាស់ ដើម្បី​ត្រៀម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា តែ​ប្រសិនជា​បងប្អូន​មាន​ទុក ឫ​ជួប​នូវ​បញ្ហា​ផ្សេងៗ ដែល​កើតមានឡើង​ចំពោះ​ក្រុមគ្រួសារ​នីមួយៗ ត្រូវ​ប្រញាប់ រួសរាន់​រាយការណ៍ មកដល់​លោក​ចៅសង្កាត់​ភ្លាមៗ ដើម្បី​ឲ្យ​អាជ្ញាធរ​យើង​រិះរក​ដំណោះស្រាយ​ជូន​»​។​
​ជាមួយគ្នា​នោះ បងប្អូន​ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ការដឹងគុណ ក៏ដូចជា​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ខណ្ឌ ដែលមាន លោក ជា ពិសី ជា​អភិបាល ខណ្ឌឫស្សីកែវ រួមជាមួយ​ក្រុមការងា​រ​យុវជន ដែល​បាន​ពាំ​នាំនូវ​អំណោយ និង​ថវិកា​មួយចំនួន​មក​ចែកជូន​ដល់​ពួកគាត់​ទាំងអស់គ្នា ដែល​បច្ចុប្បន្ន​ពួកគាត់​កំពុង​ជួប​បញ្ហា​ខ្វះខាត ក្នុង​ជីវភាព​រស់នៅ ប្រចាំថ្ងៃ​។​

​ជា​ចុងក្រោយ​លោក ជា ពិសី បាន​បញ្ជាក់ថា ចំពោះ​អំណោយ​ដែល​អនុសាខា​គណៈកម្មាធិកា​រ​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាន​យកមក​ចែកជូន​នា​ខណៈ​នេះ ក្នុង​១​គ្រួសារៗ​ទទួលបាន អង្ករ​៣០​គីឡូ ត្រីខ​១​យួរ មី​១​កេស និង​ឃី​ត​១​ក្នុងនោះ​មាន ភួយ​១ មុង​១ ក្រ​ម៉ា​១ រួមទាំង​ថវិកា​៣​ម៉ឺន​រៀល ផងដែរ​៕

ចំនួនអ្នកទស្សនា

    20211517

  • ថ្ងៃនេះ851
  • ម្សិលមិញ2931
  • សប្តាហ៍នេះ13041
  • ខែនេះ851
  • ឆ្នាំនេះ984071
  • សរុប20211517