​ឯកឧត្តម ប៉ា សុជាតិ​វង្ស៖បើ​បណ្តោយ​ឲ្យ​ក្រុមហ៊ុន អាយ​អិន​ជី ទោះ​១០​ឆ្នាំ​ទៀត​ក៏​ទៅ​មិន​រួច​ដែរ​

19-July-2016 | ដោយ មែន កំសត់




​រាជធានី​ភ្នំពេញ ៖​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា ជាការ​ពិតណាស់ ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង ខូ​អិ​ល​ធី​ឌី​(ING HOLDING Co.Ltd) បានធ្វើ​កិច្ចការ និង​ដើរតួរ​នាទី​ឈានមុខ​គេ នៅក្នុង​គម្រោង​ការសិក្សា​ការដោះស្រាយ​ផលប៉ះពាល់​ទាក់ទិន​ទៅនឹង​គម្រោង អភិវឌ្ឍន៍​តំបន់​បឹងទំពុន និង​បឹង​ជើងឯក តាម​ការពិត​ក្រុមហ៊ុន​នេះ​មាន​ដី​តែមួយ​ផ្នែក​ក្នុងចំណោម​គម្រោង​ទាំងអស់ ប៉ុន្តែ​ត្រូវបាន​គេ​គិតថា ជា​គម្រោង​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​នេះ​ទៅវិញ​។​
​ឯកឧត្តម​បន្តថា  អាយ​អិន​ជី គ្រាន់តែ​គ្រប់គ្រង​ដី​មួយចំណែក​មិន​ដល់​១​ភាគ​៣​ផង ក្នុងចំណោម​ដី​គម្រោង​អភិវឌ្ឍន៍​ទាំងអស់នោះ ចាប់ពីពេលនេះ​ទៅ  អាយ​អិន​ជី មិនមែនជា​អ្នកដើរ​តួនាទី​ដូច​មុន​ទៀត​ទេ គឺ​សាលា​រាជធានី​ភ្នំពេញ ជា​ម្ចាស់​គម្រោង និង​មាន​តួនាទី​ជា​អ្នកសម្របសម្រួល ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ផលប្រយោជន៍​សាធារណៈ និង​បង្កលក្ខណៈ​ឲ្យ​ភាគី​ពាក់​ព​ន្ធ័​ដែលជា​ម្ចាស់​ដី​ទទួលបាន​នូវ ផលប្រយោជន៍​បាន​សមស្រប តែ​ត្រូវគោរព​ទៅតាម​ប្លង់ បើ​មិន​កំណត់​ឲ្យ​បានច្បាស់លាស់​ទេ វា​នឹង​ជះឥទ្ធិពល​ដល់​ការរៀបចំ​។​

​ឯកឧត្តម ប៉ា សុជាតិ​វង្ស មានប្រសាសន៍​ទៀតថា បើ​គ្រប់គ្នា​យល់ឃើញ​ដូចខាងលើ​នេះ ហើយ​ក្រុមហ៊ុន នៅតែ​បន្ត​ដឹកនាំ​នោះ ទោះ​១០​ឆ្នាំ​ទៀត​ក៏​ទៅ​មិន​រួច​ដែរ បើ​ញែក​បញ្ហា​នេះ​មិន​ច្បាស់​ទេ ការងារ​ទៅមុខ​មិន​រួច​ទេ គឺ​សាលា​រាជធានី​ភ្នំពេញ​ជា​ម្ចាស់​គម្រោង តែ​អត់​ចេញ​លុយ​ទេ តែ​ក្រុង​ចេញ​គោលការណ៍​ប្លង់ និង​មន្ត្រី​សម្រាប់​ជួយ​រៀបចំ​ដោះ​បញ្ហា​ប្រឈម ហើយ​ទាំងអស់នេះ​ជា​ដី​រដ្ឋ ដែល​រដ្ឋ​ធ្វើ​លទ្ធកម្ម កម្ម​សិទ្ធ​ជូនទៅ​ប្រជាជន ហើយ​អ្នក​ដែល​បាន​ផលប្រយោជន៍​គឺ​ម្ចាស់​ដី​។

ឯកឧត្តម បាន​បញ្ជាក់ថា  ដើម្បី​ឲ្យ​ការងារ​អភិវឌ្ឍ​តំបន់​បឹង​ជើងឯក​នេះ អភិវឌ្ឍន៍​បាន​លឿន គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​កំណត់​ឲ្យ​មានការ​ឯកភាពគ្នា​ពី ទស្សនៈ​រួម ដឹកនាំ​ឲ្យ​ស្រុះស្រួល​គ្នា​ជាមុនសិន​ទើប​អាច​ដោះស្រាយបាន ដូច្នេះ​ចាប់ពីពេលនេះ​ទៅ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ដី​បឹង​ស្ថិតនៅក្នុង​គម្រោង​អភិវឌ្ឍ​ន៏​នោះ ត្រូវ​ជំរុញ​ឲ្យ​ពួកគាត់​មក​ចុះបញ្ជី​ក្បាល​ល​ដី​ឲ្យ​បាន​គ្រប់គ្នា ងាយស្រួល​អាជ្ញាធរ ផ្ទៀងផ្ទាត់​បញ្ជី​ឲ្យ​ត្រូវ​គ្នា ទើប​ជំរុញ​ល្បឿន​នៃ​ដំណើរ​ការងារ​អភិវឌ្ឍន៍​តំបន់​នេះ​បាន​លឿន​។​

​ឯកឧត្តម​ប៉ា សុជាតិ​វង្ស មានប្រសាសន៍​បែបនេះ នៅក្នុង​កិច្ចប្រជុំ និង​ការធ្វើ​បទ​បង្ហាញ​ពាក់​ព​ន្ធ័​ទៅនឹង​លទ្ធផល​នៃ​ការងារ​ដោះស្រាយ​ផល ប៉ះពាល់​តំបន់​អភិវឌ្ឍន៍​បឹង​ជើងឯក នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៨ កក្កដា ២០១៦​។ គួររំលឹកថា កាលពីពេល​កន្លងមក​នេះ តំណាង​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង​ខូ​អិ​ល​ធី​ឌី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់លោក​បាន​ទទួល​សិទ្ធិ​ធ្វើការ​អភិវឌ្ឍន៍​បឹងទំពុន និង​បឹង​ជើងឯក​ឲ្យ​ក្លាយទៅជា​ទីក្រុង​រណប ដែលមាន​ផ្ទៃដី​សរុប​រួម​ចំនួន​២៥៧២ ហិកតា ក្នុងនោះ​ផ្ទៃដី​សំរាប់​ការសាងសង់​អាគា​រ​ផ្សេងៗ​មាន​ចំនួន​១៤២៣​ហិកតា ស្មើនឹង​៥៥,៣១%​។​

​ផ្ទៃដី​សម្រាប់​បឹង​ប្រឡាយ​លំហ​បៃតង និង​សំណង់​អាគារ​សាធារណៈ​មាន​ចំនួន​១១៤៩​ហិកតា​ស្មើនឹង​៤៤,៦៧%​នៃ​ចំនួន ផ្ទៃដី​សរុប និង​តម្រូវ​ឲ្យ​មានការ​ចាក់ដី​បំពេញបន្ថែម  ចំណែក​អ្នក​ដែលមាន​ដី​នៅ​តំបន់​នោះ​ក៏​តម្រូវ​ឲ្យ​បរិច្ចាក​ដី​របស់ខ្លួន ទៅក្នុង​គំរោង​អភិវឌ្ឍ​ន៏​នោះដែរ​។ តំណាង​ក្រុមហ៊ុន បាន​បញ្ជាក់ថា ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​នោះ មាន​ផ្លូវ​សរុប​ចំនួន​៦១​ខ្សែ ក្នុងនោះ​មាន​មហាវិថី​ធំៗ​ចំនួន​២ គឺ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុនសែន និង​មហាវិថី​អ្នកឧកញ៉ា​មហា​ភក្តី​ហ៊ុន​នាង ដែលមាន​ទទឹង​៦០​ម៉ែត្រ និង​បណ្តោយ​ជាង​៩​គីឡូម៉ែត្រ ហើយ​ការអភិវឌ្ឍន៍​ប្រព​ន្ធ័​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រួមមាន​ប្រព​ន្ធ័ ផ្លូវថ្នល់ ប្រឡាយ និង​លូ​ជាដើម បាននិងកំពុង​ចាប់ផ្តើម​ពី​ពេលនេះ​ទៅ រហូតដល់​ឆ្នាំ​២០១៧ ហើយ​ការស្ថាបនា​ឲ្យ​រួចរាល់​ទាំងស្រុង​នៅ​អំឡុង​ឆ្នាំ​២០៣៥​។​

​ចំពោះ​ផ្ទៃដី​ដែល​ក្រុមហ៊ុន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​នោះ​មាន​ចំនួន​២៥៧២ ហិកតា ក្នុងនោះ​ត្រូវ​ចំណាយ​ទៅលើ​ផលប៉ះពាល់​នៃ​មហាវិថី​៣​ខ្សែ​ចំនួន​១៥០​ហិ កតា ការសិក្សា​គម្រោង​អភិវឌ្ឍន៍​១​ហិកតា ការសាងសង់​ច្រាំង​បឹង​រក្សាទុក​១៣,៤៧៥​ហិកតា ចំណាយ​ការសាងសង់​ច្រាំង​ប្រឡាយ​មេ ២​ខ្សែ ១៦,៥៩១​ហិកតា ការរៀបចំ​បណ្តាញ​អគ្គិសនី​ក្រោម​ដី​៨,៩០០​ហិកតា ការរៀបចំ​តំបន់​បៃតង និង​សាធារណៈ ២៨១,៧៥​ហិកតា ការស្ថាបនា​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​៩៥,៧៥ មហាវិថី​សម្តេច​ហ៊ុន សែន​៩,១៦​ហិកតា មហាវិថី​អ្នកឧកញ៉ា​មហា​ភក្តី​ហ៊ុន​នាង​២,៧៤​ហិកតា មហាវិថី​កាត់​ទទឹង​៥,៥២​ហិកតា ផ្លូវ​មេ​រង​មាន​ទទឹង​៣៥​ម៉ែត្រ​៣៤,៩៨​ហិកតា ផ្លូវ​មេ​រង​មាន​ទទឹង​២៦​ម៉ែត្រ​៤៣,៣៤​ហិកតា ផ្លូវ​រង​មាន​ទទឹង​១៦​ម៉ែត្រ​០,៣៦​ហិកតា ការស្ថាបនា​ស្ពាន​នៅ​មហាវិថី​សម្តេច​ហ៊ុន សែន​១៤០,០០​ហិកតា ការស្ថាបនា​ស្ពាន​នៅ​មហាវិថី​លោកតា​ហ៊ុន នាង​៦០,០០​ហិកតា ការស្ថាបនា​ស្ពាន​នៅ​មហាវិថី​កាត់​ទទឹង​៨០,០០​ហិកតា ការស្ថាបនា​ផ្លូវ​មេ​រង​១៦០,០០​ហិកតា ការស្ថាបនា​ស្ពាន​នៅ​ផ្លូវ​ទទឹង​២៦​ម៉ែត្រ ១០០,០០​ហិកតា ការសាងសង់​បណ្តាញ​លូទឹក​ភ្លៀង​១៩៨,៤៨៨​ហិកតា ការសាងសង់​លូ​ជ្រុង​កាត់​ទទឹង​មហាវិថី​សម្តេច​តេ​ជោ​១៨០,០០​ហិកតា និង​ការសាងសង់​បណ្តាញ​លូ​សំអុយ​១៩៥,៩៣៦​ហិកតា ដែលមាន​តំលៃ​ប៉ាន់ស្មាន​សរុប​ចំនួន​៦៩៦,៤៥៤,០៩៣ ដុល្លា​សហរដ្ឋអាមេរិក​។​

​សូម​រំលឹកថា ការអភិវឌ្ឍន៍​បឹងទំពុន និង​បឹង​ជើងឯក​នោះ​ប៉ះពាល់ និង​ចូល​ដី​ខេត្តកណ្តាល​ចំនួន​៣៧៦​ហិកតា តាម​សេចក្តីជូនដំណឹង​របស់​គណៈរដ្ឋមន្ត្រី ឲ្យ​បញ្ចូល​ក្រោម​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ការងារ​អភិវឌ្ឍន៍​នោះ ត្រូវ​ចាក់​ខ្សាច់​បំពេញ​មាន​ចំនួន​សរុប​ចំនួន​១៤៦,២២៥,៦៤០​ម៉ែត្រគូប​ផង ដែរ​៕

ចំនួនអ្នកទស្សនា

    20493847

  • ថ្ងៃនេះ1561
  • ម្សិលមិញ12561
  • សប្តាហ៍នេះ29511
  • ខែនេះ51391
  • ឆ្នាំនេះ51391
  • សរុប20493847