ភ្នំពេញ៖នៅម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជុំសាលា រដ្ឋបាលខណ្ឌ៧មករា បានរៀបចំការប្រជុំមួយ ស្តីពី ឆ្លងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០១៦ របស់រដ្ឋបាលសាលាខណ្ឌ៧មករា ក្រោមអធិបតីភាព លោកស្រី សក់ ចិន្តារី អភិបាលរងខណ្ឌ៧មករា។
កិច្ចប្រជុំមានការ ចូលរួមពីក្រុមការងារសាលាខណ្ឌ កងកម្លាំងនគរបាលក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ប្រជាការពារ ប្រធានការិយាល័យ ចំណុះសាលាខណ្ឌរួមទាំងមន្ត្រីរាជការជាច្រើននាក់ផងដែរ។ -
ថ្លែងទៅកាន់កិច្ចប្រជុំ នាឱកាសនោះ លោកស្រី សក់ ចិន្តារី អភិបាលរងខណ្ឌ៧មករាតំណាងលោក លឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករាបានលើកឡើងថា៖ប្រជាពលរដ្ឋចូលរួមស្តាប់ និងលើកឡើង ពីបញ្ហាផ្សេងៗ ទាក់ទងនិងសុវត្ថិភាពភូមិសង្កាត់ ដែលគេហៅថា ធ្វើការអនុវត្តន៍គោលការណ៍៩ចំណុច ស្តីអំពីភូមិ-សង្កាត់មានសុវត្ថិភាព មានជាអាទិ៍ដូចជា បញ្ហាគ្រឿងញៀន, បញ្ហាសន្តិសុខ, បញ្ហាការជួញដូរ, ចរាចរណ៍ និងបញ្ហាផ្សេងៗទៀត ដែលធ្លាប់បានលើកឡើងជារឿយៗក្នុងវេទិកា ក្នុងខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ។ ហើយខ្លឹមសារក្នុងការជួបនេះ ត្រូវបានប្រជាពលរដ្ឋលើកឡើង ហើយខ្វល់ភាគច្រើន គឺតែរឿងលូស្ទះ និងដើមឈើចាស់ៗអាចរលំជាយថាហេតុ ខណៈរដូវវស្សាបានចូលមកដល់។
លោកស្រីអភិបាលរងក៏បានបញ្ជាក់ផងដែរ៖សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងយោងតាមខ្លឹមសារលិខិត ចុះថ្ងៃទី២២កក្កដាឆ្នាំ២០១៦ របស់សាលារាជធានីភ្នំពេញ សូមជម្រាបដល់ម្ចាស់អាជីវកម្ម អាជីវករ លក់ប្រេង លក់ហ្គាស ទាំងអស់ក្នុងខណ្ឌទាំង១២ ធ្វើការផ្អាក់លក់ដូរ ចំនួន១ថ្ងៃ គឺនៅថ្ងៃទី ២៤កក្កដា ឆ្នាំ២០១៦នេះ ដើម្បីជាការចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងមូលដ្ឋានខណ្ឌ។ដើម្បីដង្ហែរសពបណ្ឌិត កែមឡី៕