ភ្នំពេញ ៖នៅព្រឹក ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ៣និង១៥នាទី មានរៀបចំកិច្ចប្រជុំអភិបាល នៃគណៈអភិបាលខណ្ឌ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ។
កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សា ប្រធានការិយាល័យសាលាខណ្ឌ ចៅសង្កាត់ តំណាងកងកម្លាំងទាំង៣ និងមន្ត្រីរាជការចំណុះខណ្ឌច្រើននាក់ផងដែរ ។
កិច្ចប្រជុំបានពិភាក្សា មានរបៀបវារៈដូចខាងក្រោម :1/ ការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៧ ។
2/ ឆ្លងផែនការអភិវឌ្ឍនខណ្ឌដូនពេញដែលប្រើប្រាស់កញ្ចប់ថវិកាខណ្ឌ ឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌដូនពេញ ។
3/ សំណើសុំកែសម្រួលបំពេញបន្ថែមគម្រោងអត្ថិភាពសំរាប់អភិវឌ្ឍមូលដ្ឋាន ក្នុងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ ២០១៦-២០១៧ របស់រដ្ឋបាលខណ្ឌដូនពេញ ។
4/ ឆ្លងសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែកក្កដា ឆ្នាំ២០១៦ ។
5/ ឆ្លងសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែកក្កដា ឆ្នាំ២០១៦ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌដូនពេញ និង6/ បញ្ហាផ្សេងៗ
ក្រោយពី ស្ដាប់របាយការណ៍របស់រដ្ឋបាលសាលាខណ្ឌរយៈពេល១ខែដែលអាន ជូ នដោយលោកនាយករដ្ឋបាល សាលា រួចមកមានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះដែរលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារ សង្កាត់ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាសង្កាត់ដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើង ដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ក្រុមប្រមូលផ្ដុំ អាវខ្មៅរបស់ក្រុមបក្សឬសង្គមស៊ីវិល ទាមទារឲ្យដោះលែងសកម្មជនអង្គការ និងជនល្មើស និងព្រមទាំងបាតុភាពជាយថាហេតុដែលកើតមាន ផ្ដល់ព័ត៌មាន លើកិច្ចប្រតិបត្តិការជារៀងរាល់ថ្ងៃ ស្រាវជ្រាវស្វែងរកមុខសញ្ញាគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខានតែបាន ហើយត្រូវរៀបចំក្រុមការងារ ចុះធ្វើការឆែកឆេរអាវុធ ជាតិផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងស្រវឹង ដើម្បីពង្រឹង និងកាត់បន្ថយ អសន្តិសុខនៅមូលដ្ឋាន។
នាឱកាសនោះលោក អភិបាល នៃគណៈអភិបាលខណ្ឌ ក៏បានលើកឡើងបន្ថែមទៀតដែរថា៖ថ្នាក់ឃុំ ត្រូវចុះធ្វើ រដ្ឋបាលចំហរនៅគ្រប់ មូលដ្ឋានដើម្បីងាយស្រួលក្នុងការក្ដាប់មុខសញ្ញា និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ត្រូវស្រង់ ស្ថិតិឲ្យបានច្បាស់ផ្ញើមកកាន់សាលាស្រុកដើម្បីស្វែងរកសប្បុរសជន ចូលរួមដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា។
ហើយត្រូវ អនុវត្តន៍ការបម្រើសេវាសាធរណៈលើការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជាអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ការដោះស្រាយនូវរាល់តម្រូវការចាំបាច់នានានៅក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ ស្របតាមគោលនយៅបាយថ្នាក់ជាតិ៕