រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក កែវ សុភា អភិបាលរងខណ្ឌ បានចុះទៅធ្វើការរុះរើសំណង់តូបលក់ដូរខុសច្បាប់មួយកន្លែង នៅជាប់រោងចក្រមួយដែលជនមិនស្គាល់មុខសាងសង់ឡើង រំលោភលើចំណីផ្លូវសាធារណៈ និងបង្កឲ្យប្រជាពលរដ្ឋមានការក្ដៅក្រហាយគ្រប់ៗគ្នា និងបានរាយការណ៍មកកាន់អាជ្ញាធរ។ ប្រតិបត្តិការណ៍ខាងលើនោះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅជាប់របងរោងចក្រកាត់ដេរ វ៉ាស៊ីនព្រីន ខូអិលធីឌី ស្ថិតនៅក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អាជ្ញាធរបានឲ្យដឹងថា សំណង់ខាងលើបានរំលោភលើដីចំណីផ្លូវប្រវែងទទឹងជាង២ម៉ែត្រ និងបណ្ដោយប្រហែល៣០ម៉ែត្រ ហើយបានចាប់ផ្ដើមសាងសង់ ដោយចាក់បង្គោលបានជិត១០ដើមហើយ។ មិនតែប៉ុណ្ណោះ គេធ្វើឡើងក្នុងស្ថានភាពជាលក្ខណៈសំណង់រឹងមាំ ដោយមិនបានគិតពីផលប៉ះពាល់អ្វីឡើយ។ ជាពិសេសបានបង្កឲ្យមានការកកស្ទះចរាចរផង ទើបប្រជាពលរដ្ឋមិនអាចឱបដៃឈរមើលតទៅទៀតបាន ក៏បានរាយការណ៍ជូនអាជ្ញាធរ ចុះធ្វើការពិនិត្យ និងរុះរើចេញជាបន្ទាន់ ហើយនៅក្នុងខណៈនោះ មិនមាននរណាម្នាក់ចេញមុខមកទទួលខុសត្រូវនោះឡើយ។
ប្រជាពលរដ្ឋបាននិយាយថា ផ្លូវនោះចុងផ្លូវ និងដើមផ្លូវមានលក្ខណៈធំទូលាយ ប៉ុន្តែដល់កណ្ដាល មានលក្ខណៈតូចចង្អៀតបន្តិច ព្រោះរោងចក្រខាងលើ បានសង់របងលយមកលើដីចំណីផ្លូវ ដែលរបងនោះ សាងសង់ច្រើនឆ្នាំមកហើយ ប៉ុន្តែនៅពេលធ្វើផ្លូវបេតុង មិនមានចំណាត់ការ ឲ្យខាងរោងចក្រវាយចោលរំកិលចូលក្នុងទេ ដែលជាគំរូអាក្រក់មួយ ទើបពេលនេះមានអ្នកឆ្លៀតឱកាស សាងសង់សំណង់រំលោភយកចិញ្ចើមផ្លូវ តាមនោះដែរ។ ទោះជាយ៉ាងនេះក្តីមិនអាចរំលងក្រសែភ្នែករបស់ប្រជាពលរដ្ឋបានឡើយ ហើយពួកគាត់ក៏មិនបានគាំទ្រនូវសកម្មភាពទាំងនោះដែរ ទើបផ្ដល់ព័ត៌មានជូនអាជ្ញាធរឲ្យចុះទៅរុះរើបែបនេះតែម្ដង៕