ត្បូងឃ្មុំ៖នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នេះ លោក ងួន ប៊ុណ្ណាន អភិបាលនៃគណ:អភិបាលស្រុកអូររាំងឪ បានអញ្ជើញចូលរួមក្នុងពិធីបោះឆ្នោតជ្រើសរើសអាចារ្យ គណ:កម្មការវត្តសីលតារាម (ហៅវត្តថ្មប្រជុំ) ស្ថិតនៅភូមិថ្មប្រជុំ ឃុំមៀន ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតឧកញ៉ា ស្រ៊ុន គឹមយឿន សប្បុរសជនដែលបានជួយឧបត្ថម្ភក្នុងការកសាងវត្ត, លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីស្រក, ប្រធានការិយាល័យធម្មការ និងសាសនាស្រុក, មន្ត្រីរដ្ឋបាលស្រុក, លោកមេឃុំមៀន និងលោកតា លោកយាយ សរុបប្រមាណ ១៥០ នាក់ ។
ក្រោយពី ស្ដាប់របាយការណ៍របស់លោក គណៈកម្មការវត្តចាស់បានអានជូននូវសមិទ្ធផលដែលសម្រេចបានក្នុងវត្ត នៅក្នុងការដឹកនាំអណត្តិរបស់ខ្លួន គោរពជូនគណៈអធិបតីរួចមក នាឱកាសនោះ ប្រធានការិយាល័យកិច្ចការធម្មការសាសនាស្រុកបានលើកឡើង និងបានអាននូវខ្លឹមសារ ណែនាំក៏ដូចជានិតិវិធី នៃការបោះឆ្នោត ជ្រើសរើសគណៈកម្មការអាចារ្យវត្ត ដែលប្រព្រឹត្តិរៀបចំឡើង៣ឆ្នាំម្ដង ហើយលោកប្រធានការិយាល័យធម្មការសាសនាស្រុក បានរៀបចំបង្កើតគណៈកម្មការនិងសន្លឹកឆ្នោត ដើម្បីឲ្យដំណើរការនេះប្រព្រឹត្តដោយរលូននិងទទួលយកបាននូវលទ្ធផល ជាវិជ្ជមាន។
ដំណើរការបោះឆ្នោតបានចាប់ផ្ដើម ប្រកបដោយរីករាយ ហើយគណៈកម្មការបានធ្វើការបូកសរុបនូវសម្លេង លទ្ធផលនៃការបោះឆ្នោត និងទទួលយកពុំមានការប្រកែកអ្វីឡើយ ។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះលោក ងួន ប៊ុណ្ណាន អភិបាលនៃគណ:អភិបាលស្រុកអូររាំងឪ បានលើកឡើងដែរថា៖លោកសូមកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការអាចារ្យ បានសហការនិងព្រះគ្រូចៅអធិការ វត្តរួមនឹង ពុទ្ធបរិស័ទ ចំណុះជើងវត្តដែលបានចូលរួមសកម្មភាពការអភិវឌ្ឍ លើវិស័យពុទ្ធសាសនាបានល្អប្រសើរ ដែលជាសាសនារបស់រដ្ឋ លោកអផិបាលក៏ស្នើដល់គណៈកម្មការដែលជាប់ឆ្នោតថ្មី ត្រូវខិតខំ សកម្មភាព ដឹកនាំវត្ត ឲ្យបានល្អ សហការនិងអាជ្ញាធរ សមត្ថកិច្ច ពេលមានសកម្មភាពអសន្តិសុខដែលកើតមានឡើងជាយថាហេតុ ត្រូវចេះរួបរួមសាមគ្គីផ្ទៃក្នុង ប្រកបដោយប្រសិទ្ធភាព តាមផែនការនែនាំរបស់ក្រសួងធម្មការនិងរាជរដ្ឋាភិបាល ៕អត្ថបទ៖សីហា