ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរស្រុកនៃខេត្តជាប់ព្រំប្រទល់ពីរគឺ ស្រុកថាឡាបរិវ៉ាត់និងស្រុកឆែប ដោយមានការចូលរួមពីសំណាក់អាជ្ញាធរភូមិឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២ សីហា ២០១៦ បានចុះផ្ទៀងផ្ទាត់លើព្រំប្រទល់រវាងខេត្តទាំងពីរ ក្រោយសំណូមពរពីប្រជាពលរដ្ឋទាំងពីរស្រុក។ ប្រជាពលរដ្ឋនៅភូមិស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងបានឲ្យដឹងថា បច្ចុប្បន្នពួកគាត់នៅមិនទាន់ដឹងពីចំណុចនៃព្រំប្រទល់ ស្ថិតក្នុងស្រុកខេត្តណាច្បាស់នៅឡើយទេព្រោះតំបន់ដែលពួកគាត់រស់នៅ មានប្រជាពលរដ្ឋលាយឡំគ្នា អ្នកខ្លះថានៅស្ទឹងត្រែង និងអ្នកខ្លះទៀតថានៅព្រះវិហារ។
កក្កតាស្រពិចស្រពិលទាំងនោះហើយទើបពួកគាត់ស្នើសុំអោយអាជ្ញាធរ ផ្ទៀងផ្ទាត់ឲ្យបានច្បាស់ដើម្បីពួកគាត់ងាយស្រួលលើការបំពេញឯកសារ ការស្នាក់នៅប្រកបដោយលក្ខណច្បាប់និងមានការទទួលខុសត្រូវពីអាជ្ញា ធរមានសមត្ថកិច្ច។ អភិបាលស្រុកថាឡាបរិវ៉ាត់លោក ថោង ស្រាន់ ឲ្យដឹងថា ដោយមានសំណូមពរពីប្រជាពលរដ្ឋនារសៀលថ្ងៃទី២ សីហា ២០១៦ អាជ្ញាធរស្រុកនៃខេត្តទាំងពីរស្ទឹងត្រែង-ព្រះវិហាររួមជាមួយ អាជ្ញាធរភូមិឃុំ រដ្ឋបាលស្រុក ភូមិបាលស្រុក បានចុះផ្ទៀងផ្ទាត់ចំណុចភូមិសាស្ត្រជាប់ព្រំប្រទល់ទៅតាមផែនទីរបស់ ភូមិបាល និងកំណត់ចំណុចនិយាម ការព្រមព្រៀងគ្នារួចទៅហើយដែលកំពុងដាក់លើរបាយ ការណ៍ជូនទៅថ្នាក់ខេត្ត។
មន្ត្រីភូមិបាលស្រុកថាបរិវ៉ាត់ឲ្យដឹងថា គណៈកម្មាការបានកំណត់ព្រំប្រទល់ជាក់ស្តែងរវាងភូមិស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងភូមិប្រា ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ត្រង់ចំណុចនិយាមការឯកភាពព្រមព្រៀងគ្នា 1532086-0566906 ដែលមានសមាភាពចូលរួម អភិបាលនៃគណៈអភិបាលស្រុក រដ្ឋបាលស្រុក សុរិយោដីស្រុក រដ្ឋបាលព្រៃឈើផ្នែក សង្កាត់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរភូមិ ឃុំ របស់ស្រុកទាំងពីរដែលជាប់ព្រំប្រទល់ផងដែរ ៕