ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ក្នុងឃុំក្រាំងស្គារ បានអោយដឹងថា ក្នុងពេលថ្មីៗនេះ ដីព្រៃឈើសហគមន៍ ភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ចំនួន ៤០០ហិកតា ត្រូវបានក្រុមប្រឹក្សា ឃុំក្រាំងស្គារ និងលោកប្រធានសហគមន៍ព្រៃឈើ ភ្នំតាសាំ ឃុបឃិតគ្នា លើកភ្លឺក្រវ៉ាត់ពទ្ធ័ជាព្រំ លក់អោយទៅឈ្មួញដីម្នាក់ នៅក្នុងស្រុកបរិបូណ៌ ក្នុងតម្លៃ ១ហិកតា ៧៥០ដុល្លា បើសិនជាគំរោងការមួយនេះ បានសំរេច គេនឹងរៀបដីលក់ បន្ថែមចំនួន ១០០០ហិកតា ទៀត។
ប្រជាពលរដ្ឋដែលជិតស្និត ជាមួយអ្នកគួកជេរ ទិញលក់ដី បានអោយដឹងថា ការលក់ដីសហគមន៍ ខាងលើនេះ គឺមានការបើកដៃ ពីមេឃុំក្រាំងស្គារ លោក គង់ សំអីម ដោយមានលោក សុខ សុវណ្ណ ក្រុមប្រឹក្សាឃុំ និងលោក សៅ ខេ ប្រធានសហគមន៍ ជាអ្នករត់ការជាមួយ អ្នកគួកជេរដី ដែលគេស្គាល់ឈ្មោះ ម៉ាត់ រត្ន័ លក់អោយស្ត្រី ជាអ្នករកស៊ីគួកជេរដីម្នាក់ នៅផ្សារពន្លៃ ស្រុកបរិបូណ៌ ក្នុងតម្លៃ ១ហិកតា ៧៥០ដុល្លា ខណះដែលគេបានកក់លុយ ២០.០០០ដុល្លា អោយលោក សុខ សុវណ្ណ លោក សៅ ខេ និងលោក ម៉ាត់ រត្ន័ រួចហើយដើម្បីអោយពួកគេ ឈូសក្រវ៉ាត់ពទ្ធ័ព្រំដី ចំនួន ៤០០ហិកតា អោយទៅឈ្មួញ ទិញលក់ដី។
សេចក្តីរាយការណ៍ បានអោយដឹងទៀតថា ក្នុងការលក់ដីនេះ ក្រុមគេបានប្រើល្បិច យកប្រជាពលរដ្ឋ នៅភូមិអូឡេងតេង និងភូមិរ៉ាឆ្លាត ធ្វើជាអ្នកឈរឈ្មោះ កាន់ក្បាលដី ដើម្បីធ្វើលិខិត លក់ដូរក្នុង ១ហិកតា គេអោយ ១៥០ដុល្លា គឺគេមិនអោយប្រជាពលរដ្ឋ ក្នុងសហគមន៍ ភ្នំតាសាំ ឈរឈ្មោះទេ ព្រោះខ្លាចបែកធ្លាយ ការលក់ដីនេះ មិនបានម្រេច។ ចំណែកដីសហគមន៍ ដែលគេលក់នោះ គឺនៅជើងភ្នំ ដែលខាងកើត ទល់និងភ្នំខ្នុរខាងត្បូង ទល់និងភ្នំស្បូវ ខាងលិចទល់និងភ្នំរាវ និងខាងជើងទល់និង ដីគេនិងផ្លូវលំ។
គំរោងការរបស់ក្រុមគេនេះ ប្រសិនបើលក់ដី ៤០០ហិកតានេះ បានដោយជោគជ័យនោះមែន គេនិងឈានបន្តទៅរៀបដី ១.០០០ហិកតាទៀត ដែលជារបស់ សហគមន៍ខាងលើនេះ លក់អោយទៅឈ្មួញ ហ្នឹងបន្ថែមទៀត ។ ដោយឡែកនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ពួកឈ្មួ្ញញ និងក្រុមអ្នករៀប លក់ដីសហគមន៍ ខាងលើនេះ និងចុះកិច្ចសន្យា ជាមួយគ្នា នៅចំណុចដីខាងលើថា បើគ្មានដី ៤០០ហិតាខាងលើ លក់អោយនោះទេ គេនិងសងប្រាក់ទៅឈ្មួញ អ្នកកក់ប្រាក់វិញ ក្នុងតម្លៃដី ១គុណនិង៣ ។
ទាក់ទងនិងរឿងខាងលើនេះ លោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ២០១៦ បានអោយដឹងថា លោកមិនបានដឹងរឿងនេះទេ ចាំលោកសួរទៅ លោកមេឃុំសិន បន្ទាប់មកលោក បានអោយដឹងថា លោក គង់ សំអីម ជាមេឃុំ ក៏ឆ្លើយថាអត់ដឹងដែរ អោយសួរទៅ លោក សុខ សុវណ្ណ ក្រុមប្រឹក្សាឃុំទៅ។ ចំណែកលោក សុខ សុវណ្ណ បានបញ្ជាក់អោយដឹងថា លោកក៏អត់ដឹងដែរ រឿងលក់ដីខាងលើនេះ តែមានអ្នកគួកជេរ បានសួរមកលោកដែរ តែលោកថា អោយទាក់ទងទៅលោក សៅ ខេ ប្រធានសហគមន៍ទៅ លោកមិនដឹងទេ។
ចំណែកលោក ម៉ាត់ រត្ន័ ជាអ្នកគួកជេរដីវិញ លោកពិតជាបានស្គាល់ ប៉ុន្តែលោកគ្មាន ទំនាក់ទំនងគ្នា ក្នុងការរៀបដី សហគមន៍លក់ ដូចការចោទប្រកាន់ របស់ប្រជាជនឡើយ ហើយទាក់ទងក្នុងរឿងនេះ ប្រជាពលរដ្ឋក្នុងភូមិភ្នំតាសាំ ក៏កំពុងតែមាន ប្រតិកម្មហើយដែរ។ ចំណែកលោក សៅ ខេ ទូរសព្ទ័លោក មិនអាចសុំការបំភ្លឺបានឡើយ។
ចំពោះរឿងនេះ ប្រជាពលរដ្ឋស្នើសុំ ឯកឧត្តមអភិបាល ខេត្តកំពង់ឆ្នាំង ឈួរ ចន្ទ័ឌឿន សូមចាត់តាំង ក្រុមចំរុះថ្នាក់ខេត្ត ចុះមកព្រួតពិនិត្យមើលផង បើមិនដូច្នោះទេ ទាំងដីព្រៃរដ្ឋ ទាំងដីព្រៃសហគមន៍ ពិតជារលាយ ទៅក្លាយជាដីកម្មសិទ្ធិ របស់ឈ្មួញអស់ហើយ បើសិនជាចុះមកហើយ សូមមេត្តាអាណិត ចាត់ការមន្ត្រីជើង ១០ផង តបតាមអនុសាសន៍ របស់សម្តេច ហ៊ុន សែន គឺដល់ដំណាក់កាល កាត់សាច់ស្អុយចោលហើយ បើពុំនោះទេ ពិតជារលាយ បាត់សន្លឹកឆ្នោតអស់ហើយ ។
គួរបញ្ជាក់ផងដែរថា ករណីរំលោភ បំពានឈូសឆាយដីព្រៃ នៅក្នុងចំណុច ឃុំក្រាំងស្គារ កើតមានជាយូរយាមកហើយ គេមិនដែលឃើញ មានការឃាត់ខ្លួន ក្រុមអ្នករៀបដីលក់ និងមន្ត្រីពាក់ពន្ធ័ ម្តងណានោះឡើយ តែងតែគេចផុត ពីសំណាញ់ច្បាប់ រហូតដូចជាឈ្មោះ ម៉ាត់ រត្ន័ និងអ្នកផ្សេងៗទៀតផងដែរ ដីព្រៃនៅតំបន់ខាងលើនេះ រលាយអស់ហើយ អ្នកដែលរងទុក្ខ គឺប្រជាពលរដ្ឋ ដែលគ្មាន ខ្សែស្រឡាយអ្នកធំ៕