រាជធានីភ្នំពេញ ៖ នេះមិនមែនជាលើកទី១ទេដែលលោកអភិបាលខណ្ឌដូនពេញ មិនថាយប់មិនថាថ្ងៃឬភ្លៀងរលឹម លោកតែងតែដឹកនាំកម្លាំងប្រជាការពារខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌដូនពេញចុះបង្ក្រាបក្រុមចែកចាយ និងប្រើប្រាស់ថ្នាំញៀនក្នុងសង្កាត់ស្រះចក ដោយមិនមានវត្តមានអាជ្ញាធរសង្កាត់ និងនគរបាលសង្កាត់ស្រះចកនោះទេ។ ជាក់ស្តែងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៧និង៣០នាទីល្ងាច លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការសម្របសម្រួលពីលោកសៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីកម្លាំងប្រជាការពារខណ្ឌដូនពេញ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានចុះបង្ក្រាបក្រុមចែកចាយ និងប្រើប្រាស់ថ្នាំញៀននៅចំណុចក្រុមទី០៨ ភូមិ០១(ផ្លូវរទេះភ្លើង)សង្កាត់ស្រះចក ខណ្ឌដូនពេញ។
មន្ត្រីសាលាខណ្ឌដូនពេញបានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកអភិបាលខណ្ឌដូនពេញ នៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញសហការណ៍ជាមួយកម្លាំងប្រជាការពារខណ្ឌដូនពេញ បានចុះបង្ក្រាបក្រុមចែកចាយ និងប្រើប្រាស់ថ្នាំញៀនក្នុងក្រុមទី០៨(ផ្លូវរទេះភ្លើង)ភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជាលទ្ធផលជនសង្ស័យដែលចែកចាយ និងប្រើប្រាស់ថ្នាំញៀនចំនួន០៨នាក់ក្នុងនោះមានស្រី៣នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតបានថ្នាំញៀនចំនួន៨២កញ្ចប់,ជញ្ជីងថ្លឹងថ្នាំញៀនមួយ,ទុយោសម្រាប់ជក់ និងថង់មួយចំនួនរួមទាំងម៉ូតូពីរគ្រឿង។
នេះមិនមែនជាលើកទីមួយទេដែលលោកអភិបាលខណ្ឌដូនពេញ និងកម្លាំងសមត្ថកិច្ចមានអាវុធហត្ថខណ្ឌ ព្រមទាំងកម្លាំងប្រជាការពារខណ្ឌដូនពេញចុះបង្ក្រាបដោយមិនមានវត្តមានអាជ្ញាធរសង្កាត់នោះទេ គឺនៅចុងខែកក្កដា ឆ្នាំ២០១៦កន្លងមកនេះលោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងចុះបង្ក្រាបក្រុមចែកចាយ និងប្រើប្រាស់ថ្នាំញៀននៅចំណុចភូមិ២២សង្កាត់ស្រះចក ហើយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៩នាក់ និងដកហូតថ្នាំញៀនមួយចំនួនទៀតផង។
ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្រះចកបាននាំគ្នាលើកឡើងថា នៅតំបន់បឹងកក់ដែលស្ថិតក្នុងភូមិ០១ ភូមិ២០ ភូមិ២១ និងភូមិ២២ នាពេលបច្ចុប្បន្នកំពុងតែមានការព្រួយបារម្ភខ្លាំងណាស់ឲ្យតែពេលយប់ឡើងគឺមានការលក់ថ្នាំញៀនដូចលក់ស្ករគ្រប់អីចឹងមិនដែលឃើញចៅសង្កាត់ដឹកនាំកម្លាំងចុះបង្ក្រាបម្តងណាឡើយ គ្រាន់តែក្នុងខែកក្កដាកន្លងមកនេះអាវុធហត្ថក៏ដូចជាអាជ្ញាធរខណ្ឌដូនពេញដឹកនាំដោយលោកអភិបាលខណ្ឌចុះបង្ក្រាបមិនតិច៥លើកនោះទេ។
ប្រជាពលរដ្ឋនាំគ្នានិយាយថា ឯណាទៅភូមិ សង្កាត់មានសុវត្ថិភាព បើចៅសង្កាត់មិនដែលចុះបង្ក្រាបចាប់ក្រុមចែកចាយ និងប្រើប្រាស់ថ្នាំញៀនបានម្តងណាឡើយនោះ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋសូមលោកអភិបាលខណ្ឌដូនពេញ ជាពិសេសលោកអភិបាលរាជធានីភ្នំពេញពិចារណាលើបញ្ហានេះផង។ បច្ចុប្បន្ននេះសង្កាត់ស្រះចកមិនខុសពីតំបន់ត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លានោះទេ ការបង្ក្រាបក្រុមចែកចាយ និងប្រើប្រាស់ថ្នាំញៀនមិនចេះអស់នេះដោយសារតែការដឹកនាំរបស់អាជ្ញាធរសង្កាត់តែម្តង៕