ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប បានប្រជុំពិនិត្យសំណើសុំពិនិត្យនិងសម្រេចលើគោលការណ៍អនុញ្ញាតបញ្ចូលឈ្មោះឃុំ-សង្កាត់ បង្កើតលេខកូតឃុំ សង្កាត់ចំនួន១១ និងប្តូរឈ្មោះសង្កាត់ចំនួន៥ ក្នុងបញ្ជីទីតាំងការិយាល័យបោះឆ្នោត កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦។
ក្នុងនោះគ.ជ.ប ក៏បានប្រជុំពិនិត្យសំណើសុំពិនិត្យ និងសម្រេចលើគោលការណ៍ជ្រើសរើសជំនួយការប្រធានក្រុមចុះឈ្មោះបោះឆ្នោតចំនួន១២រូប សម្រាប់ឃុំ-សង្កាត់បង្កើតថ្មី និងសង្កាត់ប៉ោយប៉ែត។
នាពេលសព្វថ្ងៃ នៅទូទាំងប្រទេស មានឃុំ-សង្កាត់ចំនួន១៦៣៣ ឃុំសង្កាត់។ រីឯអ្នកដែលត្រូវចុះឈ្មោះបោះឆ្នោត ត្រូវបានគ.ជ.ប ប៉ាន់ស្មានថា មានចំនួន៩.៦៦៤.២១៦នាក់( ស្ត្រី ៥.០៤៩.០១១ នាក់ )ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា សរុប១៥.៧២១.៣៦៦ នាក់។
ឃុំសង្កាត់ថ្មីទាំង១១ ដែលរាជរដ្ឋាភិបាល បានសម្រេចបង្កើតថ្មីនោះ រួមមាន នៅរាជធានីភ្នំពេញ ចំនួ៩សង្កាត់ រួមមាន៖ ទី១-សង្កាត់ចោមចៅ បំបែកជា៣សង្កាត់, ទី២-សង្កាត់កាកាប បំបែកជា២សង្កាត់, ទី៣-សង្កាត់ស្ទឹងមានជ័យ បំបែកជា៣សង្កាត់, ទី៤-សង្កាត់បឹងទំពុនបំបែកជា២សង្កាត់ ទី៥-សង្កាត់ទួលសង្កែ បំបែកជា២សង្កាត់ ហើយនៅខណ្ឌសែនសុខ បង្កើតសង្កាត់២ថ្មី គឺសង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្នាង។
ចំណែកនៅខេត្តកំពង់ឆ្នាំង ក្នុងស្រុកទឹកផុស បង្កើតឃុំថ្មី គឺឃុំក្តុលសែនជ័យ។ រីឯនៅខេត្តក្រចេះ ក្នុងស្រុកស្នួល បង្កើតឃុំថ្មីគឺឃុំគ្រញូងសែនជ័យ៕