រាជធានីភ្នំពេញ ៖ តារាភាពយន្តសារ៉ាយ សក្ខណា មិនសប្បាយចិត្តទេចំពោះការលើកឡើងថាម្តាយរបស់នាងជាម៉ែយ៉ែម ។ ក្រុមគ្រួសារសក្ខណា ចាត់ទុកថានោះជាព័ត៌មានប៉ះពាល់ដល់កិត្តិយសបំផុត ។
ព័ត៌មានពីតារាសម្តែង និងម៉ូដែលកញ្ញាសូរ អេណា ដែលរងការចោទថាដណ្តើមប្តីគេនោះ ក៏បានសាយភាយធ្លាយទៅដល់អ្នកស្រីផាន សម្ផស្ស ម្តាយរបស់អ្នកនាងសារ៉ាយ សក្ខណាដែរ ថាជាអ្នកដឹកញីប្រស៊ីឈ្មោល ។ សារ៉ាយ សក្ខណា ធានាអះអាងថា ម្តាយនាងមិនប្រព្រឹត្តដូចការចោទប្រកាន់ទេ ដោយនាងហ៊ានយកកិត្តិយសដែលនាងសាងជាច្រើនឆ្នាំមកធានា ។
ទោះបីជាជាពាក្យជេរប្រមាថទៅកាន់ពិធីការិនីទូរទស្សន៍ប៉ុស្តិ៍ CTV 8 HD កញ្ញាសូរ អេណា បានស្ងប់ស្ងាត់ក្តី តែពាក្យចោទប្រកាន់លើម្តាយអ្នកនាងសារ៉ាយ សក្ខណា នៅមិនទាន់ជ្រះស្រឡះនៅឡើយ ។ បន្ថែមលើពាក្យពេចន៍ហែកកេរ្តិ៍នាងសូរ អេណា នោះ ហ្វេសប៊ុក Marie Young បានបង្ហាញពីរូបថត អ្នកស្រីសម្ផស្ស ជាម្តាយរបស់អ្នកនាងសារ៉ាយ សក្ខណា ជាថៅកែហាងស៊ុបថាជាអ្នកដឹកញីប្រស៊ីឈ្មោល គឺទាក់ទងនាងសូរ អេណា ឱ្យបុរសជាប្តីគេនោះ ។
អ្នកស្រីផាន សម្ផស្ស បានច្រានចោលការចោទប្រកាន់នេះថាជាការនិយាយបំផ្លើសមិនពិត។ អ្នកស្រីមិនប្រព្រឹត្តអំពើបែបថោកទាបនោះទេ ហើយអ្នកស្រីក៏ដូចជាមិនសូវយល់ដឹងពីរឿងហ្វេសប៊ុកច្រើនដែរ ។ «រឿងទទួលភ្ញៀវ គឺជាភារកិច្ចរបស់ខ្ញុំដែលជាម្ចាស់ហាង ដែលបើករបរបម្រើអាហារនេះស្រាប់ ហើយខ្ញុំស្វាគមន៍ និងរាក់ទាក់គ្រប់តែភ្ញៀវ ។ ឯក្មួយសូរ អេណា នោះវិញគ្រាន់តែស្គាល់នាងថាជាតារាស្រីដូចជា ក្មេងៗតារា ផ្សេងៗដទៃដែរ ហើយត្រង់គេហៅខ្ញុំថាម៉ាក់នោះ គឺ ក្មេងៗប្រុសស្រីជាតារាតែងតែហៅបែបនេះ ព្រោះពួកគេក៏មានវ័យអាចចាត់ទុកជាកូនខ្ញុំ ។ រឿងចោទប្រកាន់នេះ មានការប៉ះពាល់ដល់កិត្តិយស ហើយក៏មិនចង់ធ្វើអ្វីដោយភាពតក់ក្រហល់ដោះស្រាយបញ្ហា ទើបបានជាខ្ញុំត្រូវសាកសួរផ្ទាល់ជាមួយនឹងអ្នកចោទនោះសិន» ។
បន្ថែមលើសម្តីម្តាយនោះ អ្នកនាងសារ៉ាយ សក្ខណា បញ្ជាក់ថា នាងមិនចង់ឲ្យរឿងនេះកាន់តែវែងឆ្ងាយទេ ប៉ុន្តែអ្វីដែលនាងចង់បញ្ជាក់គឺម្តាយនាងមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ។
ម្តាយដើរតាមនាងចាប់តាំងពីនាងចាប់អាជីពសិល្បៈមក ហើយអ្នកសិល្បៈជាច្រើន និងអ្នកក្រៅរង្វង់សិល្បៈមួយចំនួនសុទ្ធតែដឹងថានាងនិងម្តាយជាមនុស្សប្រភេទណា ។ «ប្រសិនបើម្តាយនាងខ្ញុំជាម៉ែយ៉ែមមែន ម្ល៉េះមិនសមឲ្យម្តាយប្រឹងប្រែងលក់ដូរមិនស្គាល់យប់ថ្ងៃទេ ។ កិត្តិយសពិតជាសំខាន់សម្រាប់នាងខ្ញុំនិងគ្រួសារ ហើយនាងខ្ញុំសុខចិត្តយកកិត្តិយសខ្លួនមកធានាអះអាងថា ម្តាយនាងខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ ។ មុខមាត់នាងខ្ញុំប៉ុណ្ណឹងដែរ ហេតុអីឲ្យម្តាយទៅប្រព្រឹត្ត និងប្រកបការងារបែបហ្នឹង» ។
សារ៉ាយ សក្ខណា រំពឹងថា ទស្សនិកជននឹងជឿជាក់លើភាពស្អាតស្អំរបស់នាង និងម្តាយ។ ទោះជាយ៉ាងណាក្តី សក្ខណានិងក្រុមគ្រួសារមានបំណងចង់ឲ្យស្ត្រីដែលចោទប្រកាន់នោះចេញមុខនិយាយតទល់គ្នា ដើម្បីចៀសវាងយល់ខុសណាមួយមកលើម្តាយនាង ។
រហូតមកទល់ពេលនេះក្រុមគ្រួសារសារ៉ាយ សក្ខណា មិនថាខាងប្តី និងខាងសារ៉ាយ សក្ខណាទេ គឺបានស្រុះស្រួលគ្នាឲ្យសក្ខណាបើកមុខរបរជាថៅកែហាងកែសម្រស់មួយនៅភ្នំពេញដែលជិតសម្ពោធនាពេល ឆាប់ៗខាងមុខ ក៏ព្រោះពង្រឹងជីវភាព ។ ប្រការនេះហើយទើបធ្វើឲ្យកំហឹងឆួលឡើងក្នុងពេលមានពាក្យមិនល្អមកលើម្តាយតារាសម្តែងរូបនេះ ៕