លោក នុត ពុធដារ៉ាចូលរួមបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០៣ខ្សែនៅខណ្ឌដង្កោ

11-August-2016 | ដោយ មែន កំសត់

 

ភ្នំពេញ៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួមបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០៣ខ្សែ ដោយប្រើប្រាស់គម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៦ ក្នុងសង្កាត់សាក់សំពៅ ប្រទះឡាង និងសង្កាត់ក្រាំងពង្រ ដែលមានប្រវែងសរុប១០០៦,៧ម៉ែត្រ។

លោក នុត ពុធដារ៉ា បានលើកឡើងអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តួយ៉ាងការបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី០៣ខ្សែ នាថ្ងៃនេះជាសក្ខីភាពស្រាប់។

ក្រោយការស្ថាបនារួចផ្លូវបេតុងនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិត និងបង្កការងាយស្រួលក្នុងការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសបងប្អូនដែលមានលំនៅដ្ឋាននៅតាមបណ្តោយផ្លូវទាំងនេះ។

លោកអភិបាលក៏បានសំណូមពរដល់បងប្អូនដែលរស់នៅ តាមបណ្តោយផ្លូវដែលនឹងត្រូវស្ថាបនានេះ ឲ្យយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់បន្តិចបន្តួច ដែលបណ្តាលមកពីការស្ថាបនា។ ជាមួយគ្នានេះ ក៏ស្នើសុំឲ្យក្រុមហ៊ុនដែលទទួលការស្ថាបនា អនុវត្តគម្រោងឲ្យបានលឿន និងធ្វើឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។

ផ្លូវបេតុងទាំង០៣ ខ្សែដែលបានបើកការដ្ឋានស្ថាបនាក្នុងឱកាសនោះរួមមាន៖

- សង្កាត់សាក់សំពៅ ប្រវែង៣៦២ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិក្រាំងតាផូ
- សង្កាត់ប្រទះឡាង ប្រវែង ៣៧៥ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិគោកខ្សាច់
- សង្កាត់ក្រាំងពង្រ ប្រវែង ២៦៩,៧ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិក្រាំងពង្រ និងភូមិក្រាំងស្វាយ៕

 

ចំនួនអ្នកទស្សនា

    19558917

  • ថ្ងៃនេះ2091
  • ម្សិលមិញ4111
  • សប្តាហ៍នេះ2091
  • ខែនេះ76531
  • ឆ្នាំនេះ331471
  • សរុប19558917